(សេអ៊ូល)៖ ក្រុមរដ្ឋអាជ្ញាពិសេសរបស់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃចន្ទ នេះបានដាក់សំណើមួយសុំឲ្យសមត្ថកិច្ចធ្វើការចាប់ខ្លួនអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ ដើម្បីយកមកសួរចម្លើយ ពាក់ព័ន្ធរឿងអាស្រូវពុករលួយនានា ដែលបង្ខំឲ្យលោកស្រីចុះចេញពីអំណាចកាលពីប៉ុន្មានសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នាព្រឹកថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០១៧។
លោកស្រី ផាក កំពុងតែប្រឈមមុខនឹងពាក្យបណ្តឹងជាច្រើនពាក់ព័ន្ធនឹងការ រំលោភអំណាច, ការបង្ខិតបង្ខំ និងធ្វើឲ្យបែកធ្លាយឯកសារសម្ងាត់រដ្ឋ ដែលសុទ្ធសឹងតែពាក់ព័ន្ធនឹងស្ត្រីឈ្មោះ ឆយ ស៊ូនស៊ីល ជាមិត្តភក្តិជិតស្និទ្ធបំផុតនឹងលោកស្រីជាង ៤០ឆ្នាំមកហើយ។ ក្រុមរដ្ឋអាជ្ញាបានបញ្ជាក់យ៉ាងដូច្នេះថា «ភស្តុតាងជាច្រើនត្រូវបានប្រមូលរួចជាស្រេចហើយ ប៉ុន្តែលោកស្រី ផាក ដែលជាជនសង្ស័យបានច្រានចោលនូវរាល់ការចោទប្រកាន់ទាំងអស់ ហើយវាក៏អាចទៅរួចដែរថាលោកស្រីកំពុងបំផ្លាញចោលភស្តុតាងនានា»។
គួរបញ្ជាក់ថាការអនុញ្ញាតសម្រាប់ការចាប់ខ្លួនលោកស្រី ផាក ឬយ៉ាងណានោះគេត្រូវបានរង់ចាំមើលការសម្រេចរបស់អាជ្ញាធរមានសមត្ថកិច្ចកូរ៉េខាងត្បូងជាមុនសិន៕