(វ៉ាស៊ីនតោន)៖ អតីតអ្នកចរចានុយក្លេអ៊ែរជាមួយកូរ៉េខាងជើង លោក គ្រីស្ដូហ្វឺ ហ៊ីល (Christopher Hill) បាននិយាយថា ការប្រើប្រាស់កម្លំាងយោធាប្រឆាំងនឹងកូរ៉េខាងជើង មិនមែនជាជម្រើសល្អនោះទេ ហើយជម្រើសល្អបំផុតនោះគឺបង្កើនកិច្ចសហប្រតិបត្តិការជាមួយចិន ឱ្យដាក់សម្ពាធលើប្រទេសកុម្មុយនីស្ដឯកោមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០១៧។
គំនិតប្រើកម្លាំងយោធាលើកូរ៉េខាងជើងលេចឡើងជាថ្មីម្ដងទៀត បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បានបញ្ជាក់កាលពីដើមខែមីនាថា យន្ដការការទូតដោះស្រាយជាមួយទីក្រុងព្យុងយ៉ាង បានបរាជ័យ ដូច្នេះទីក្រុងវ៉ាស៊ីនតោនកំពុងស្វែងរកជម្រើសថ្មី ក្នុងនោះរួមមានទាំងការប្រើកម្លាំងយោធាផងដែរ។ ក៏ប៉ុន្តែយ៉ាងណាក៏ដោយថ្លែងប្រាប់វិទ្យុ New York's AM 970 លោក គ្រីស្ដូហ្វឺ ហ៊ីល យល់ថា ការប្រើប្រាស់កម្លំាងមិនមែនជាមធ្យោបាយល្អនោះទេ។
លោកហ៊ីល បានលើកឡើងដូច្នេះថា «យើងបាននិយាយរួចហើយថាជម្រើសគ្រប់យ៉ាងមានលើនៅតុ (...) យើងបានដាក់ទណ្ឌកម្មលើកូរ៉េខាងជើង រហូតដល់ក្លាយជាប្រទេសមួយជាប់ទណ្ឌកម្មច្រើនជាងគេនៅលើពិភពលោក តែនៅតែមិនមានលទ្ធផល ហើយយើងព្យាយាមចរចានឹងពួកគេក៏គ្មានបានផលអ្វីដែរ។ ក៏ប៉ុន្តែខ្ញុំគិតថាអ្វីដែលជាជម្រើសល្អជាងនេះ នោះគឺកិច្ចសហការដ៏ល្អរវាងសហរដ្ឋអាមេរិក និងចិន ពោលគឺមិនមែនការប្រើកម្លាំងយោធានោះទេ ពីព្រោះបច្ចុប្បន្នយើងបានឃើញយ៉ាងច្បាស់ថា កម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង កាន់តែរីកចំរើនទៅមុខ ដែលទំាងនេះជាបញ្ហា តើយើងគួរតែដោះស្រាយវាយ៉ាងដូចម្ដេច?»។
គួរបញ្ជាក់ថាសម្រាប់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបើទោះជាចិនបានដាក់ទណ្ឌកម្មលើកូរ៉េខាងជើងក៏ដោយ ក៏ពួកគេយល់ថាទីក្រុងប៉េកាំងមិនមានឆន្ទៈពិត ប្រាកដដាក់សម្ពាធលើសម្ព័ន្ធមិត្តរបស់ខ្លួនមួយនេះដែរ ត្បិតចិននៅតែត្រូវការកូរ៉េខាងជើង ដើម្បីទប់ស្កាត់ការពង្រីកឥទ្ធិលយោធាអាមេរិកនៅក្នុងតំបន់អាស៊ី៕