(ហុងកុង)៖ ភ្លាមៗបន្ទាប់ពីបានជាប់ឆ្នោត នៅថ្ងៃអាទិត្យនេះ ជាប្រធានប្រតិបត្តិថ្មីក្រុងហុងកុង ក្នុងនាមជាស្រី្ដដំបូងគេបំផុតលោកស្រី Carrie Lam បាននិយាយថា ការងារដំបូងដែលលោកស្រីត្រូវធ្វើនោះ គឺកាត់បន្ថយភាពតានតឹងនៅក្នុងសង្គម ខណៈក្រុមអ្នកគាំទ្រលិទ្ធិប្រជាធិបតេយ្យបានសម្ដែងការ មិនពេញចិត្តជាខ្លាំងចំពោះលទ្ធផលបោះឆ្នោតនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០១៧។
លោកស្រី Carrie Lam មានអាយុ៥៩ឆ្នាំ និងធ្លាប់កាន់តួនាទីជាប្រធានលេខាធិការក្រុងហុងកុង ត្រូវបានគណៈកម្មាធិការបោះឆ្នោត មានសមាជិក ១,២០០នាក់ ភាគច្រើនជាមនុស្ស រដ្ឋាភិបាលចិន ជ្រើសរើសជាមេដឹកនាំថ្មី នៃទីក្រុងហុងកុង សម្រាប់ជំនួសតំណែងមេដឹកនាំបច្ចុប្បន្ន លោក CY Leung ដែលបាន ប្រកាសលាលែងពីតំណែងកាលពីខែកក្កដា ឆ្នាំ២០១៦ ដោយសារហេតុផ្ទាល់ខ្លួន។ ក៏ប៉ុន្តែយ៉ាងណា លទ្ធផលបោះឆ្នោតនេះ មិនបានបង្កជាការភ្ញាក់ផ្អើលអ្វី នោះទេ ពីព្រោះគេបានរំពឹងទុករួចទៅហើយថា លោកស្រី Lam ដែលជាបេក្ខជនគាំទ្រ ដោយទីក្រុងប៉េកាំងនឹងឈ្នះនៅក្នុងការបោះឆ្នោត បើទោះជាមានការ ជំទាស់ពីសំណាក់ក្រុមចលនាអ្នកគាំទ្រលិទ្ធិប្រជាធិបតេយ្យក៏ដោយ។
គួរបញ្ជាក់ថា ក្រុមអ្នកគាំទ្រប្រជាធិបតេយ្យ បានចោទប្រកាន់ថា រដ្ឋាភិបាលចិន បានលូកដៃចូលក្នុងកិច្ចការបោះឆ្នោត តាមរយៈការប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន បង្ខំឱ្យអ្នកបោះឆ្នោតគាំទ្រលោកស្រី Carrie Lam កាន់តំណែងជាមេដឹកនាំថ្មីរបស់ទីក្រុងហុងកុង។ លោកស្រី Carrie Lam បានទទួលការគាំទ្រ ៧៧៧សំឡេង ទល់នឹង៣៦៥សំឡេង របស់លោក John Tsang ដែលតាមពីក្រោយដោយ លោក Woo Kwok-hing ទទួលបានត្រឹមតែ ២១សំឡេង៕