(ហុងកុង)៖ ដូចការគ្រោងទុក នៅទីបំផុតលោកស្រី Carrie Lam ដែលជាអតីតថ្នាក់ដឹកនាំជាន់ខ្ពស់ទីក្រុងហុងកុង និងជាជំរើសរបស់ទីក្រុងប៉េកាំង ត្រូវបាន ជ្រើសរើសជាប្រធានប្រតិបត្តិថ្មី ទីក្រុងហុងកុង ដោយគណៈកម្មាធិការបោះឆ្នោតមានសមាជិក១២០០នាក់ ដែលភាគច្រើនសុទ្ធសឹងតែជាអ្នកស្មោះស្មាក់នឹង រដ្ឋាភិបាលទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយមុននេះបន្តិចដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០១៧។
គណៈកម្មាធិការបោះឆ្នោតទីក្រុងហុងកុង បានជ្រើសរើសលោកស្រី Carrie Lam នៅក្នុងចំណោមបេក្ខជន០២នាក់ ផ្សេងទៀតរួមមាន លោក John Tsang និងលោក Woo Kwok-hing សម្រាប់ជំនួសតំណែងមេដឹកនាំបច្ចុប្បន្ន លោក CY Leung ដែលបានប្រកាសលាលែងពីតំណែង កាលពីខែកក្កដា ឆ្នាំ២០១៦ ដោយសារហេតុផ្ទាល់ខ្លួន។ ក៏ប៉ុន្តែទន្ទឹមគ្នានោះដែរ ក្រុមបាតុករជាច្រើននាក់ បានរុញច្រានជាមួយអាជ្ញាធរប៉ូលិស នៅខាងក្រៅអាគារ Hong Kong Convention and Exhibition Centre ជាទីដែលការបោះឆ្នោតបានប្រពឹត្តទៅ។
ម្យ៉ាងវិញទៀត ក្រុមបាតុករទាំងនេះក៏បានចោទប្រកាន់ដែរថារដ្ឋាភិបាលចិន បានលូកដៃចូលក្នុងកិច្ចបោះឆ្នោត តាមរយៈការប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនបង្ខំឱ្យអ្នកបោះឆ្នោត គាំទ្រលោកស្រី Carrie Lam ជាជាងអតីតប្រធានហិរញ្ញវត្ថុ លោក John Tsang ធ្វើជាមេដឹកនាំថ្មីរបស់ទីក្រុងហុងកុង។
គួរបញ្ជាក់ថា បើតាមកាសែតចិន People's Daily លោកស្រី Carrie Lam បានទទួលការគាំទ្រច្រើនជាង ៦០០សំឡេង ខណៈដើម្បីក្លាយជាមេដឹកនាំទីក្រុង ហុងកុង បេក្ខជនត្រូវការសំឡេងឆ្នោត ៦០១សំឡេង៕