(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងត្រឡប់ទៅកាន់ការធ្វើកំណែរទម្រង់ពន្ធដារវិញ បន្ទាប់ពីបរាជ័យក្នុងការទទួល ការគាំទ្រពីសភាអាមេរិកពាក់ព័ន្ធនឹងច្បាប់ស្ដីពីវិស័យសុខារបស់លោក ដែលមានបំណងជំនួសច្បាប់ចាស់នៃអតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០១៧។
ច្បាប់សុខាភិបាលថ្មី របស់លោកត្រាំ សំដៅជំនួសច្បាប់ Obamacare ពុំបានទទួលការគាំទ្រគ្រប់គ្រាន់ឡើយ បើទោះជាសភា និងព្រឹទ្ធសភាអាមេរិក គ្រប់គ្រងដោយក្រុមអ្នកសាធារណរដ្ឋ ដែលជំទាស់នឹង Obamacare អស់រយៈពេលជាច្រើនឆ្នាំមកហើយក្ដី។ ក៏ប៉ុន្តែយ៉ាងណាក៏ដោយ ថ្លែងទៅកាន់ ក្រុមអ្នកសារព័ត៌មាននៅសេតវិមានលោក ដូណាល់ ត្រាំ បញ្ជាក់ដូច្នេះថា៖ «ខ្ញុំចង់និយាយថា យើងអាចនឹងចាប់ផ្ដើមយ៉ាងខ្លំាងបំផុតសម្រាប់ការកាត់ បន្ថយពន្ធ និងកំណែរទម្រង់ពន្ធដារ ហើយវានឹងត្រូវធ្វើនៅពេលបន្ទាប់»។
គួរបញ្ជាក់ថា ច្បាប់ Obamacare អាចចាត់ទុកបានថាជាជោគជ័យមួយដ៏ធំនៃមរតកបន្សល់ទុកពីអតីតរដ្ឋបាលលោក អូបាម៉ា ដោយច្បាប់នេះបានតម្រូវឱ្យ ប្រជាជនអាមេរិកទំាងអស់ទិញធានារ៉ាប់រងសុខភាព ក៏ប៉ុន្តែ ក៏បានផ្ដល់ជំនួយដល់អ្នកមានប្រាក់ចំណូលទាបផងដែរ៕