(សេអ៊ូល)៖ អាជ្ញាធរជំនាញរបស់ប្រទេសកូរ៉េខាងត្បូង បានធ្វើការស្រោចស្រង់សាឡង់មានឈ្មោះថា Sewol ទម្ងន់៦,៧០០តោនដ៏សឹករិចរិល ដែលបានលិចចូលទៅក្នុងសមុទ្រកាលពីបីឆ្នាំមុននោះចេញពីផ្ទៃទឹកមកវិញ និងយកមកដាក់លើនាវាដឹកជញ្ជូនបានដោយជោគជ័យហើយនាថ្ងៃសៅរ៍នេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃបាងកកប៉ុស្តិ៍ នៅមុននេះបន្តិចនារសៀលថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០១៧។
មន្រ្តីរដ្ឋាភិបាលទីក្រុងសេអ៊ូលបានឲ្យដឹងថា វានឹងត្រូវការចំណាយពេលចំនួនពីមួយសប្តាហ៍ទៅពីរសប្តាហ៍ ដើម្បីនាំយកគ្រោងសាឡង់ដែលសិករិចរឹលនេះ ទៅកាន់ទៅកាន់កំពង់ផែនៃទីក្រុង Mokpo ដែលស្ថិតនៅចម្ងាយប្រមាណ ៩០គីឡូម៉ែត្រ ក្នុងគោលបំណងអនុញ្ញាតឲ្យក្រុមអ្នកស៊ើបអង្កេតអាចធ្វើការស្វែងរកគ្រោងឆ្អឹងរបស់មនុស្សបាត់ខ្លួន ០៩នាក់ ស្ថិតក្នុងចំណោមមនុស្សសរុបទាំងអស់ ៣០៤នាក់ ដែលបានបាត់បង់ជីវិតនៅពេលសាឡង់ Sewol បានលិចកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៤។
គួរបញ្ជាក់ថាជនរងគ្រោះនៅក្នុងសោកនាដកម្មដ៏អាក្រក់បំផុតមួយប្រចាំប្រទេសកូរ៉េខាងត្បូងនេះ ភាគច្រើនគឺជាក្មេងសិស្សសាលា ដែលជាហេតុបណ្តាលឲ្យមានការកាន់ទុក្ខយ៉ាងក្រៀមក្រំបំផុត នៅទូទាំងប្រទេសនាពេលនោះ ហើយម្យ៉ាងវិញមជ្ឈដ្ឋានសាធារណបានផ្ទុះកំហឹងយ៉ាងខ្លាំង ជុំវិញការជួយសង្រ្គោះឲ្យតែរួចពីដៃរបស់រដ្ឋាភិបាលអតីតប្រធានាធិបតី ដែលត្រូវបានទម្លាក់ចេញពីតំណែងគឺលោកស្រី ផាក គឺនហេ៕