(ម៉ិចស៊ីកូ)៖ ការដែលប្រធានាធិបតី ដូណាល់ ត្រាំ បង្ខំក្រុមហ៊ុនឧស្សហកម្មអាមេរិក ឲ្យទៅបង្កើតការងារក្នុងស្រុកវិញនោះ កំពុងតែបើកចំហច្រកផ្លូវវិនិយោគសម្រាប់ក្រុមហ៊ុនចិននៅម៉ិចស៊ីកូ ដែលវាគឺជាសម្តីរបស់នាយកធនាគារឧស្សហកម្ម និងពាណិជ្ជកម្មចិន ICBC ដែលអ្នកផ្តល់ប្រាក់កម្ចីធំជាងគេបង្អស់របស់ប្រទេសម៉ិចស៊ីកូ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចរសៀលថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០១៧។
លោក Yaogang Chen ប្រធានសាខាធនាគារ ICBC ប្រចាំនៅម៉ិចស៊ីកូបានលើកឡើងថា ការខាតបង់របស់ក្រុមហ៊ុនឧស្សាហកម្មអាមេរិក អាចផ្តល់គុណសម្បតិ្តដល់ប្រទេសចិន។ ថ្លែងក្នុងបទសម្ភាសន៍ក្រៅផ្លូវការមួយនៃសន្និសីទស្តីពីធនាគារនៅឯទីក្រុង Acapulco នៃប្រទេសម៉ិចស៊ីកូលោក Chen បាននិយាយថា «ប្រសិនបើគំរោងវិនិយោគរបស់សហរដ្ឋអាមេរិកពុំកើតឡើងទេនោះ វាត្រូវតែមានអ្នកដទៃផ្សេងទៀតធ្វើការបណ្តាក់ទុនវិនិយោគ... បើសិនជាក្រុមហ៊ុនចិនយល់ឃើញថាវាមានផលចំណេញ ពួកគេនឹងធ្វើការវិនិយោគជាក់ជាមិនខាន»។
គួរបញ្ជាក់ថាកាលពីខែមករាកន្លងទៅនេះក្រុមហ៊ុនផលិតរថយន្ត Ford បានសម្រេចលុបចោលគំរោងសាងសង់រោងចក្រមួយកន្លែងតម្លៃ១.៦ពាន់លានដុល្លារនៅរដ្ឋ San Luis Potosi កណ្តាលប្រទេសម៉ិចស៊ីកូ ស្របពេលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលបានបង្ហាញគោលជំហរប្រឆាំងចំពោះ ធ្វើការវិនិយោគរបស់ក្រុមហ៊ុនអាមេរិកនៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ បានកោតសរសើរការសម្រេចចិត្តថា ជាជោគជ័យដ៏ធំមួយ ខណៈក្រុមហ៊ុន Ford ផ្ទាល់ពុំសប្បាយចិត្តប៉ុន្មានឡើយចំពោះរឿងនេះ៕