(សេអ៊ូល)៖ យោងតាមការដកស្រង់ព័ត៌មានពីកូរ៉េខាងជើង ទីក្រុងព្យុងយ៉ាងបានអះអាងថា ការធ្វើសមយុទ្ធបាញ់មីស៊ីលផ្លោង គឺជារឿងធម្មតាប៉ុណ្ណោះ ដើម្បីទប់ទល់នឹងការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែររបស់ សហរដ្ឋអាមេរិក។ នេះបើតាមការទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ ដកស្រង់ការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋ កូរ៉េខាងជើង KCNA នារសៀលថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០១៧។
ការឆ្លើយតបរបស់កូរ៉េខាងជើងខាងលើនេះ បានធ្វើឡើងបន្ទាប់ពីមានការរិះគន់ និងគំរាមដាក់ទណ្ឌកម្មបន្ថែមដោយសហរដ្ឋអាមេរិក រួមទាំងការតវ៉ាពីសំណាក់កូរ៉េខាងត្បូង និងជប៉ុនចំពោះការធ្វើតេស្តមីស៊ីលទ្រង់ទ្រាយធំចំនួនពីរដង តែក្នុងរយៈពេលនៃខែមីនានេះប៉ុណ្ណោះ។ KCNA បានចេញផ្សាយយ៉ាងដូច្នេះថា «វាជាសមយុទ្ធធម្មតានោះទេ ដែលត្រូវបានធ្វើឡើងដើម្បីទប់ទល់នឹងសង្គ្រាមនុយក្លេអ៊ែរ បង្កឡើងដោយសត្រូវ ក្នុងនោះរួមទាំងសហរដ្ឋអាមេរិកផងដែរ»។
គួរបញ្ជាក់ថាប្រទេសកូរ៉េខាងជើងបានធ្វើតេស្តបាញ់គ្រាប់មីស៊ីលចំនួន ០៥គ្រាប់ ដោយក្នុងនោះមួយគ្រាប់បានទទួលបរាជ័យកាលពីថ្ងៃទី០៦ ខែមីនា ហើយលើកទីពីរនៅក្នុងខែមីនាដដែល ត្រូវបានធ្វើឡើងនៅអំឡុងសប្តាហ៍នេះតែម្តង ប៉ុន្តែវាបានទទួលបរាជ័យ។ ការធ្វើតេស្តមីស៊ីលរបស់កូរ៉េខាងជើង ធ្វើឡើងខណៈពេលដែលសមយុទ្ធយោធាទ្រង់ទ្រាយធំ រវាងអាមេរិក-កូរ៉េខាងត្បូងបន្តធ្វើឡើងនៅឡើយ ដែលនឹងអូសបន្លាយដល់ខែមេសា ឯណោះ៕