(ញូដេលី)៖ រដ្ឋាភិបាលឥណ្ឌាបានឲ្យដឹងថា ខ្លួនមានគំរោងនឹងធ្វើសមយុទ្ធយោធារួមគ្នា ជាមួយបណ្តាប្រទេសដទៃមួយចំនួនទៀត រួមមានទាំងចិន ចក្រភពអង់គ្លេស រុស្ស៊ី និងសហរដ្ឋអាមេរិក នៅផងដែរក្នុងឆ្នាំនេះ ដើម្បីបង្កើនទំនាក់ទំនងផ្នែកយោធា ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ។ នេះបើតាមការចេញផ្សាយដោយសារទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០១៧។
ព័ត៌មានខាងលើនេះត្រូវបានបង្ហើបឲ្យដឹង ដោយអនុរដ្ឋមន្រ្តីការពារជាតិឥណ្ឌាលោក Subhash Bhamre នៅក្នុងសភាយ៉ាងដូច្នេះថា «សមយុទ្ធយោធាចម្រុះជាច្រើននឹងត្រូវធ្វើឡើងជាមួយប្រទេសអូស្រ្តាលី បង់ក្លាដែស ចិន បារាំង ឥណ្ឌូណេស៊ី កាហ្សាក់ស្តង់ កៀហ្ស៊ីស៊ីស្ថាន ម៉ាឡេស៊ី ម៉ាល់ឌីវ ម៉ុងហ្គោលី នេប៉ាល់ រុស្ស៊ី ស៊ីឈែល ស្រីលង្កា ថៃ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកក្នុងអំឡុងឆ្នាំ២០១៧នេះ»។
គួរបញ្ជាក់ថាយោងតាមអ្នកវិភាគវិស័យការពារជាតិជាច្រើនរូប កម្មវិធីធ្វើយោធាចម្រុះជាប្រទេសដ៏ច្រើនបែបនេះ នឹងអនុញ្ញាតឲ្យកងទ័ពឥណ្ឌាដែលចូលរួមធ្វើការសិក្សាស្វែងយល់ ក៏ដូចជាប្រើប្រាស់ការអនុវត្តន៍នៃកងទ័ពរបស់ប្រទេស ជាដៃគូរបស់ពួកគេបានប្រកបដោយប្រសិទ្ធភាព៕