(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មទៅលើបុគ្គល និងគ្រឹះស្ថានសរុបចំនួន៣០ ដោយរួមមានទាំងក្រុមហ៊ុនពាណិជ្ជកម្មមួយ របស់ប្រទេសកូរ៉េខាងជើងផងដែរទាក់ទងនឹងបញ្ជូន ក៏ដូចជាទទួលយកសម្ភារហាមឃាត់ពីប្រទេសអ៊ីរ៉ង់ កូរ៉េខាងជើង និងស៊ីរី ដែលអាចប្រើប្រាស់សម្រាប់កម្មវិធីអភិវឌ្ឍន៍មីស៊ីលផ្លោង ឬមួយក៏អាវុធប្រល័យលោកដទៃៗទៀត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងាព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០១៧។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក សហគ្រាសពាណិជ្ជកម្មឈ្មោះថា Saeng Pil របស់កូរ៉េខាងជើង និងគ្រឹះស្ថានចំនួន ១០ផ្សេងទៀតរួមមាន ០៩គឺជាក្រុមហ៊ុន ឬក៏បុគ្គលជនជាតិចិន និងមួយទៀតជារបស់ប្រទេស អេមីរ៉ាត់ អារ៉ាប់រួម បានទទួលរងទណ្ឌកម្ម សម្រាប់ការបញ្ជូនសម្ភារៈរួមទាំងបរិក្ខានានា ដើម្បីផ្គត់ផ្គង់កម្មវិធីមីស៊ីលផ្លោងនៃប្រទេសអ៊ីរ៉ង់។
គួរបញ្ជាក់ថាក្រុមហ៊ុន និងបុគ្គលចំនួន១៩ផ្សេងទៀតត្រូវបានដាក់ទណ្ឌកម្ម ដោយសារតែការបញ្ជូនក៏ដូចជាទទួលយកពីប្រទេសអ៊ីរ៉ង់ កូរ៉េខាងជើង ឬស៊ីរីនូវទំនិញសេវាកម្ម និងបច្ចេកវិទ្យាដែលត្រូវបានចុះក្នុងបញ្ជីហាមឃាត់ ព្រមទាំងសម្ភារមួយចំនួនទៀតដែលអាចយកទៅប្រើប្រាស់ដើម្បីបង្កើតជាធនធានចូលរួមចំណែកក្នុងការអភិវឌ្ឍអាវុធប្រល័យលោក និងមីស៊ីលផ្លោងបាន៕