(អាមេរិក)៖ លំនៅឋានមួយខ្នងបានឆាបឆេះឡើង បន្ទាប់ពីយន្តហោះឯកជនខា្នតតូចមួយគ្រឿងបានធ្លាក់នៅក្នុងទីក្រុង Marietta នៃរដ្ឋ Georgia សហរដ្ឋអាមេរិក ខណៈភ្នាក់ងារសង្រ្គោះបន្ទាន់កំពុងស្ថិតនៅកន្លែងកើតហេតុ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Russia Today នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០១៧។
អាជ្ញាធរនៅក្នុងតំបន់កើតហេតុឲ្យដឹងថា ពុំមានជនរងគ្រោះនៅក្នុងផ្ទះខាងលើនោះឡើយ ដែលពួកគេប្រហែលជាបានរត់គេចខ្លួនដោយសុវត្ថិភាព ក៏ប៉ុន្តែពុំទាន់មានសេចក្តីរាយការណ៍ណាមួយបញ្ជាក់ពីការរងរបួស ឬបាត់បង់ជីវិតអ្នកដំណើរនៅក្នុងយន្តហោះនៅឡើយទេ។
គួរបញ្ជាក់ថាយោងតាមអ្នកនាំពាក្យរដ្ឋបាលអាកាសចរណ៍សហព័ន្ធ FAA របស់អាមេរិក យន្តហោះឯកជនធុន Cessna Citation I ដែលអាចផ្ទុកមនុស្សបានពី ០៥នាក់ទៅ០៧នាក់នោះ ពេលកំពុងធ្វើដំណើរឆ្ពោះទៅកាន់ព្រលានយន្តហោះ Fulton County បានធ្លាក់នៅភាគខាងកើតព្រលានយន្តហោះ Cobb County នាព្រឹកថ្ងៃសៅរ៍នេះ៕