(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បានបង្ហាញការកត់សម្គាល់ក្នុងរដ្ឋធានីសេអ៊ូល កាលពីពេលថ្មីៗ កន្លងទៅនេះថា សហរដ្ឋអាមេរិកមានបំណងចង់ធ្វើការផ្លាស់ប្តូរគោលនយោបាយថ្មីទាំងស្រុងរបស់ខ្លួន ចំពោះប្រទេស កូរ៉េខាងជើង។
លោក Tillerson បានលើកឡើងថា៖ «ខ្ញុំសូមបញ្ជាក់យ៉ាងច្បាស់ថា គោលនយោបាយនៃយុទ្ធសាស្ត្រដោយប្រើធម៌ត្រជាក់ចំពោះប្រទេស កូរ៉េខាងជើង ដល់ពេលដែលត្រូវបញ្ចប់ហើយ»។ រដ្ឋមន្ត្រីការបរទេសរូបនេះ ក៏បានលើកឡើងផងដែរថា សហរដ្ឋអាមេរិកលែងចង់ ធ្វើកិច្ចចរចាដោយសន្តិភាពណាមួយជាមួយកូរ៉េខាងជើងទៀតហើយ ពាក់ព័ន្ធនឹងការទាមទារឱ្យបញ្ឈប់ការផលិតអាវុធប្រល័យលោក។
ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិកក៏មិនចាត់វិធានការណ៍យោធាអី្វនោះដែរ ដោយមហាអំណាចមួយនេះជឿជាក់ថា កម្មវិធីអាវុធនុយក្លេអ៊ែរ របស់រដ្ឋាភិបាលក្រុង ព្យុងយ៉ាង មានការវិវឌ្ឍន៍ទៅមុខយ៉ាងដាច់ឆ្ងាយរហូតមិនអាចប្រើប្រាស់កម្លាំងយោធាទប់ទល់បានឡើយ។ «យុទ្ធសាស្ត្រ រក្សាការអត់ធ្មត់»ចំពោះប្រទេស កូរ៉េខាងជើង ត្រូវបានអនុវត្តក្នុងយុគសម័យលោក អូបាម៉ា។ យុទ្ធសាស្ត្របែបនេះ មិនខុសពីការមិនធ្វើអ្វីទាំងអស់ ដែលវាហាក់ដូចជា គ្មានអ្នកណាម្នាក់ចាត់វិធានការណ៍ធ្វើអ្វីទាល់តែសោះ ឆ្លើយតបទង្វើដ៏ព្រហើនរបស់កូរ៉េខាងជើង។
ក្នុងពេលនោះ លោក អូបាម៉ា បានបង្ហាញការគាំទ្រយ៉ាងច្បាស់លាស់ក្នុងទំនាក់ទំនងរវាងអាមេរិក និងសម្ព័ន្ធមិត្តកូរ៉េខាងត្បូង ព្រមទាំងគាំទ្រ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ការដាក់ពង្រាយប្រព័ន្ធចាប់ស្ទាក់គ្រាប់មីស៊ីល THAAD ជាដើម ដែលបច្ចុប្បន្នកំពុងត្រូវបានតម្លើងនៅលើ ដែនដីកូរ៉េខាងត្បូង។ ប៉ុន្តែក្នុងយុគសម័យថ្មីក្រោមការដឹកនាំរបស់លោក ត្រាំ ជាពេលដែលប្រធានាធិបតីរូបនេះ ទម្លាក់តម្លៃក្នុងទំនាក់ទំនង ជាសម្ព័ន្ធមិត្តរវាងកូរ៉េខាងត្បូង។
វាច្បាស់ជាគ្មានផ្លូវដែល ប្រទេសកូរ៉េខាងជើងនឹងយល់ព្រមបញ្ឈប់កម្មវិធីនុយក្លេអ៊ែរបស់ខ្លួន ហើយលោក Tillerson យល់ច្បាស់ពីរឿងនេះ ហេតុនេះហើយបានជាលោកបោះបង់រាល់ការធ្វើកិច្ចចរចាទាំងអស់ វាជារឿងដ៏សមហេតុផលមួយ។
ប្រទេស កូរ៉េខាងជើងនឹងមិនបោះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួនជាដាច់ខាត ព្រោះវាជាមធ្យោបាយតែមួយគត់ដើម្បីជួយការពាររបបកុម្មុយនីស ឱ្យរស់រានមានជីវិតជាបន្តទៀត។ ជាងនេះទៅទៀតនេះ កម្មវិធីនុយក្លេអ៊ែរ វាមានសារៈសំខាន់សម្រាប់កូរ៉េខាងជើងជាងទំនាក់ទំនង ជាមួយប្រទេសចិនទៀត។ ហេតុនេះក្តីសង្ឃឹមសម្រាប់កូរ៉េខាងជើង កែខ្លួនដោយប្រើប្រាស់មធ្យោបាយត្រជាក់ជារឿងមិនអាចទៅរួចឡើយ។
មនុស្សទូទៅ ច្រើនប្រៀបធៀបប្រទេស កូរ៉េខាងជើង ជាមួយនឹងប្រទេស អ៊ីរ៉ង់ ក្នុងនាមជាមហាអំណាចនុយក្លេអ៊ែរ ប៉ុន្តែកុំភ្លេចថា ស្ថានភាពរវាង ប្រទេសទាំងពីរខុសគ្នាដោយសារហេតុផលជាច្រើន។ ជាក់ស្តែងរដ្ឋាភិបាលអ៊ីរ៉ង់ បង្ហាញការយកចិត្តទុកដាក់ខ្ពស់ទៅលើប្រជាពលរដ្ឋ របស់ខ្លួនដែលវាផ្ទុយស្រឡៈពីកូរ៉េខាងជើង។ ទីពីរ ប្រទេស អ៊ីរ៉ង់ មានបំណងចង់ចូលរួមជាមួយសហគមន៍អន្តរជាតិជាថ្មី ស្របពេលដែល កូរ៉េខាងជើង បែរជាព្យាយាមផ្តាច់ខ្លួនពីសហគមន៍អន្តរជាតិទៅវិញ។
ប៉ុន្តែសេចក្តីថ្លែងការណ៍របស់លោក Tillerson ក្នុងការងាកមកប្រើប្រាស់វិធានការណ៍ក្តៅ ដោយវាយប្រហារទៅលើប្រទេស កូរ៉េខាងជើង ជាការសម្រេចចិត្តដ៏គួរបារម្ភមួយ។ មានការលើកឡើងជាសំណួរជាច្រើនអំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះសម្ព័ន្ធមិត្តរបស់ខ្លួន។ អ្វីដែលស្មុគស្មាញនោះគឺថា បើទោះបីជាសមត្ថភាពក្នុងការបាញ់ប្រហារនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដល់សហរដ្ឋអាមេរិក ឬអត់ក្តី ប៉ុន្តែអ្វីដែលច្បាស់នោះគឺថា កូរ៉េខាងជើងអាចបាញ់ប្រហារកូរ៉េខាងត្បូងបានយ៉ាងងាយ ដែលនេះជាកាតព្វកិច្ចរបស់ សហរដ្ឋអាមេរិកក្នុងការការពារសម្ព័ន្ធមិត្តរបស់ខ្លួន។
បើទោះបីជាសហរដ្ឋអាមេរិកអាចធានាបាននូវការបំផ្លាញគ្រាប់មីស៊ីលទាំងអស់របស់កូរ៉េខាងជើង ប៉ុន្តែកាំភ្លើងខ្នាតធំរាប់ពាន់គ្រាប់ផ្សេងទៀត ក៏កំពុងតែត្រៀមបាញ់តម្រង់ទៅកាន់ទីក្រុង សេអ៊ូល ជាស្រេច។ វាមិនអាចទៅរួចនោះទេ ដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិករួចផុតពី វិនាសកម្មក្នុង ការវាយប្រហារពីសំណាក់ប្រទេស កូរ៉េខាងជើងនោះ។ ហេតុនេះគោលនយោបាយថ្មីរបស់សហរដ្ឋអាមេរិក អាចជាវិធានការណ៍ថ្មីមួយដែលអាចមានប្រសិទ្ធភាពជាងមុន តែវាក៏ជាវិធានការណ៍ដ៏គ្រោះថ្នាក់ផងដែរ៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា