(វ៉ាស៊ីនតោន)៖ ភស្តុតាងដែលបញ្ជាក់ថា អតីតមេដឹកសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា ធ្លាប់លួចតាមដានសកម្មភាព​ក៏ដូចជាកិច្ចសន្ទនា របស់ប្រធានាធិបតី​ ដូណាល់ ត្រាំ រួមទាំងក្រុមមន្រ្តីរបស់លោកនោះ នឹងត្រូវដាក់បង្ហាញជូនគណកម្មាធិការស៊ើបការណ៍សម្ងាត់ នៃសភាតំណាងរាស្រ្តនៅ​ក្នុង​សប្តាហ៍នេះហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០១៧ ដែលបានដក​ស្រង់ពីសេចក្តីរាយការណ៍របស់សារព័ត៌មានអាមេរិក Fox News។

យោងតាមសារព័ត៌មាន Fox News ទិន្នន័យស្តីពីការលួចតាមដានលោក ដូណាល់ ត្រាំ ដែលធ្វើឡើងដោយ អតីតរដ្ឋាភិបាល​អាមេរិកក្រោមការដឹកនាំរបស់លោក អូបាម៉ា ត្រូវបានប្រមូលយកបានពីប្រភពផ្សេងខុសៗគ្នាជាច្រើន ហើយសារព័ត៌មានអាមេរិកដដែល​នេះបានបន្ថែមទៀតថា បណ្តាស្ថាប័នស៊ើបការណ៍សម្ងាត់បានផ្ទៀតផ្ទាត់បញ្ជាក់ទិន្នន័យទាំងនេះថាគឺជាការពិត តាំងតែពីមុនពេលលោក ត្រាំ បានចេញមុខចោទប្រកាន់លោក អូបាម៉ា ទៀតឯណោះ។

គួរបញ្ជាក់ថា កាលពីដើមខែមីនានេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសរសេរនៅលើបណ្តាញ ទំនាក់ទំនងសង្គម Twitter ថា លោក បារ៉ាក់ អូបាម៉ា បានបង្គាប់បញ្ជាឲ្យការលួចស្តាប់ការសន្ទនាតាម ខ្សែបណ្តាញទូរស័ព្ទ របស់លោកនៅក្នុងអគារ Trump Tower នៅមុន​ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅនេះ ហើយលោក ត្រាំ បានស្នើឲ្យបង្កើតគណ​កម្មាធិការសភាដ៏សាកសមមួយដើម្បីធ្វើការ ស៊ើបអង្កេតលើបញ្ហានេះ។ យ៉ាងណាមិញនាដើមសប្តាហ៍នេះនាយក FBI នៃសហរដ្ឋអាមេរិក​ធ្លាប់បានធ្វើការបញ្ជាក់ ម្តងរួចមកហើយថា ពុំមានភស្ដុតាងណាមួយបញ្ជាក់ថា អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បាន​​បញ្ជា​ឲ្យ​គេ​លួចស្ដាប់លោក ត្រាំ និយាយទូរស័ព្ទដូចដែលលោកបានចោទប្រកាន់នោះឡើយ៕