(អ៊ីរ៉ាក់)៖ នាពេលថ្មីៗនេះអ្នកយកសារព័ត៌មានរុស្ស៊ីរបស់ទីភ្នាក់ងារ Russian Today លោក Murad Gazdiev បានទៅយកព័ត៌មាន ក៏ដូចជាត្រួតពិនិត្យនៅតាមដងផ្លូវនានា នៃទីក្រុងម៉ូស៊ុលរបស់ប្រទេសអ៊ីរ៉ាក់ ដើម្បីវាយតម្លៃពីការខូតខាត ដែលបង្កឡើង ដោយការវាយប្រហារតាមផ្លូវការអាកាស ពីសំណាក់ក្រុមចំរុះអន្តរជាតិដឹកនាំ ដោយសហរដ្ឋអាមេរិក ប្រឆាំងនឹងក្រុម ISIS។ នេះបើតាមការចេញផ្សាយដោយ Russian Today នៅល្ងាចថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០១៧។
យោងតាមលោក Murad Gazdiev ទីក្រុងម៉ូស៊ុល ដែលជាមូលដ្ឋានចុងក្រោយរបស់ក្រុម ISIS នៅអ៊ីរ៉ាក់ ស្ទើរតែត្រូវបានបំផ្លាញទាំងស្រុង ខណៈកងកម្លំាងអ៊ីរ៉ាក់កំពុងវាយរុលទៅមុខដើម្បីរំដោះតំបន់ប៉ែកខាងលិច នៃទីក្រុងដ៏កំសត់មួយនេះ។ ចំណែកឯ យន្ដហោះចម្បាំងនៃក្រុមចំរុះនៅតែបន្តហោះឆ្វែលពីលើទីក្រុង។ ដោយឡែកថ្លែងប្រាប់ RT កងទ័ពអ៊ីរ៉ាក់ បាននិយាយថា ពួកគេនឹងកម្ទេចក្រុម ISIS ស្របពេលទឹកដី ៧០ទៅ៨០ភាគរយត្រូវបានរំដោះពីកណ្ដាប់ ដៃក្រុមភេរវករមួយនេះ។
ទោះបីយ៉ាងណាជនស៊ីវិលស្លូតត្រង់ ជាពិសេសគឺស្ត្រី និងកុមារនៅតែបន្តបាត់បង់ជីវិត។ «មនុស្សជាច្រើនបានស្លាប់ ដោយសារតែការវាយប្រហារតាមផ្លូវអាកាស ការបាញ់គ្រាប់រ៉ុក្កែត និងការបំផ្ទុះគ្រាប់បែក ដោយវាបានបំផ្លាញផ្ទះរបស់ពួកយើងគ្មានសល់ (...) ពេលលឺសូរយន្ដហោះហោះពីលើ យើងមិនអាចធ្វើអ្វីក្រៅតែពីស្រែកយំនោះទេ (...) ម្យ៉ាងវិញទៀតដូចអ្នកឃើញស្រាប់ កុមារជាច្រើន មិនអាចហូប និងផឹកគ្រប់គ្រាន់ ឬមានអានាម័យនោះឡើយពោលគឺ ពួកគេកំពុងរងគ្រោះយ៉ាងធ្ងន់ធ្ងរ មិនអាចនឹកស្មានដល់។ នេះជាសម្ដីស្ត្រីម្នាក់រស់នៅទីក្រុងម៉ូស៊ុលថ្លែងប្រាប់ Russian Today។
គួរបញ្ជាក់ថាប្រតិបត្តិការវាយរំដោះយកទីក្រុងម៉ូស៊ុល ដែលបានប្រព្រឹត្តទៅរយៈពេលជាច្រើនខែមកនេះ បានបណ្តាលឲ្យទាំងក្រុមសកម្មប្រយុទ្ធ ISIS និងជនស៊ីវិលសរុបរាប់ពាន់នាក់ស្លាប់ ហើយអ្វីដែលកាន់តែធ្ងនធ្ងរនោះ គឺនៅពេលវាយសម្រុកចូលកាន់តែជ្រៅទៅក្នុងទីក្រុងម៉ូស៊ុល ប្រជាជនជាច្រើនកាន់តែរងគ្រោះ ដោយសារតែពួក ISIS ចាប់ពួកគេជាចំណាប់ខ្លាំង ថែមទាំងការគេចចេញពីសង្គ្រាមដែលបាត់បង់ទីជំរក និងខ្វះខាតចំណីអាហារក្នុងការបរិភោគ ដែលវាជាសោកនាដកម្មដ៏ធំធេងសម្រាប់ប្រជាជនអ៊ីរ៉ាក់នៅម៉ូស៊ុល៕