(ប៉េរូ)៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ និងរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានកើន ឡើងដល់ ៧៩នាក់ហើយ រីឯ២៦៧នាក់បានរងរបួស ខណៈមនុស្ស១០៣,៨០០នាក់ ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេទៅកាន់ទីទួលមានសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនសិនហួរ នៅល្ងាចថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០១៧។
គ្រោះមហន្តរាយធម្មជាតិមានជាប់ពាក់ព័ន្ធបាតុភូត El Nino បានបំផ្លាញផ្ទះសម្បែងប្រជាជនជិត ១១៥,០០០ ខ្នង និងស្ពានចំនួន១១៧បានបាក់ ហើយផ្លូវជាច្រើនត្រូវបិទមិនឱ្យចរាចរណ៍ជាបណ្ដោះអាសន្ន។ ចំណែកឯ អាជ្ញាធរបេរ៉ូកំពុងធ្វើប្រតិបត្តិការជួយសង្រ្គោះ ក៏ដូចជាផ្ដល់ជំនួយចាំបាច់ដល់ប្រជាជនរងគ្រោះ។
ដោយឡែកជុំវិញគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់នេះដែរ ប្រធានាធិបតីប៉េរូ លោក Pablo Kuczynski បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍តាមកញ្ចក់ទូរទស្សន៍រដ្ឋ កាលពីថ្ងៃសុក្រសប្ដាហ៍មុនថា «យើងកំពុងប្រឈមមុខយ៉ាងធ្ងន់ធ្ងរនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ ហើយយើងក៏មិនដែលជួបគ្រោះធម្មជាតិអាក្រក់បែបនេះដែរ នៅតាមបណ្ដាយឆ្នេរប៉េរូគិតចាប់តាំងពីឆ្នាំ១៩៩៨មក»៕