(ព្យុងយ៉ាង)៖ វាពុំមែនជារឿងកម្រកើតឡើង ខណៈដែលកូរ៉េខាងជើងបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតដល់ចក្រភពអង់គ្លេស ចំពោះអំពើវាយប្រហារដោយភេរវកម្មក្នុងទីក្រុងឡុងដ៍។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០១៧ ដោយផ្អែកលើប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកូរ៉េខាងជើង។
ទីភ្នាក់ងារព័ត៌មាន KCNA របស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានធ្វើសេចក្តីរាយការណ៍ថា នាយករដ្ឋមន្រ្តីកូរ៉េខាងជើងលោក Pak Pong Ju បានផ្ញើលិខិតដើម្បីចូលរួមសមានទុក្ខដល់នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresa May ជុំវិញសោកនាដកម្មនៃការវាយប្រហារ នៅខាងក្រៅរដ្ឋសភាចក្រភពអង់គ្លេស។ នៅក្នុងសាររំលែកទុក្ខនោះលោក Pak បានបញ្ជាក់អះអាងថា ប្រទេសកូរ៉េខាងជើងប្រឆាំងដាច់ខាតចំពោះអំពើភេរវកម្មគ្រប់ទម្រង់ទាំងអស់។
គួរបញ្ជាក់ថានៅថ្ងៃពុធសប្តាហ៍នេះ ភេរវករមួយរូបដែលក្រុម ISIS បានអះអាងថាជាជនសកម្មប្រយុទ្ធរបស់ខ្លួន បានបញ្ជារថយន្តទៅមុខអ្នកធ្វើដំណើរថ្មើរជើងជាច្រើននាក់នៅចំកណ្តាលបេះដូងនៃទីក្រុងឡុងដ៍ ដែលបានបណ្តាលឲ្យមនុស្សស្លាប់បីនាក់នៅនឹងកន្លែង និងជាង៤០នាក់ផ្សេងទៀតបានទទួលរងរបួស ហើយក្រោយមកជនដៃដល់រូបនោះក៏បានចុះពីលើរថយន្ត រួចយកកាំបិទទៅចាក់មន្រ្តីប៉ូលិសម្នាក់ដល់បាត់បង់ជីវិត នៅមុនពេលត្រូវបានសមត្ថកិច្ចបាញ់សម្លាប់ចោល។ ដោយឡែកជាអកុសលជនរងគ្រោះម្នាក់ទៀតនៅក្នុងហេតុការណ៍ដ៏អាក្រក់នេះទើបតែបានបាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យ៕