(មូស្គូ)៖ កងកម្លាំងការពារជាតិរុស្ស៊ីចំនួន ០៦នាក់ស្លាប់ និងក្រុមសកម្មប្រយុទ្ធទាំងអស់០៦នាក់ក៏បាត់បង់ជីវិតដូចគ្នា នៅក្នុងការវាយឆ្មក់មកលើឆ្មាំការពារជាតិរុស្ស៊ីនៅព្រឹកថ្ងៃសុក្រនេះ នៅឯសាធារណរដ្ឋ Chechen (ដែនដីស្ថិតក្រោមរដ្ឋបាលទីក្រុងម៉ូស្គូ)។ នេះបើតាមការប្រាប់ព័ត៌មានដោយ គណកម្មាធិការជាតិ ប្រឆាំងភេរវកម្មរុស្ស៊ី ដកស្រង់ដោយសារព័ត៌មាន Sputnik នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០១៧។
គណៈកម្មាធិការជាតិប្រឆាំងភេរវកម្មរុស្ស៊ី នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនបានឱ្យដឹងទៀតថា «ប្រតិបត្តិការប្រឆាំងភេរវកម្មនៅក្បែរតំបន់ Naursky នៃសាធារណរដ្ឋ Chechen (ស្ថិតនៅភាគនិរតីរុស្ស៊ី ជាប់ព្រំដែនប្រទេសហ្សកហ្ស៊ី) បានបញ្ចប់នៅម៉ោង ២៣៖០០នាទី (ម៉ោងសកល) ហើយនៅពេលវាយប្រយុទ្ធគ្នានោះដែរ ក្រុមសកម្មប្រយុទ្ធទាំងអស់០៦នាក់ ត្រូវបានសម្លាប់ចោល»។
គណៈកម្មាធិការដដែលខាងលើនេះបន្ថែមថា ឆ្មាំការពារជាតិរុស្ស៊ី ចំនួន ០៦នាក់បានស្លាប់ និងមួយចំនួនទៀតទទួលរងរបួស ខណៈទីភ្នាក់ងារសន្តិសុខសហព័ន្ធ FSB កំពុងធ្វើការស៊ើបអង្កេតលើអត្តសញ្ញាណរបស់ក្រុមសកម្មប្រយុទ្ធទាំងនេះ៕