(វ៉ាស៊ីនតោន)៖ ចៅក្រុមសហព័ន្ធម្នាក់នៃរដ្ឋ Hawaii លោក Derrick Watson បានទទួលសារគំរាមកំហែងជាច្រើន បន្ទាប់ពីលោកបានសម្រេចចិត្តចេញ សេចក្ដីសម្រេចប្រឆាំងនឹងបទបញ្ជាថ្មី ស្ដីពីជនអន្តោប្រវេសន៍របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក FBI ដកស្រង់ដោយសារព័ត៌មាន CNN នៅរសៀលថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០១៧។
លោក Derrick Watson នៅក្នុងសេចក្ដីសម្រេចរបស់ខ្លួនដែលមានកម្រាស់ ៤៣ទំព័របានគូសបញ្ជាក់ថា បទបញ្ជាថ្មីរបស់លោក ដូណាល់ ត្រាំ ដែលមានគោលដៅហាមឃាត់លើប្រជាជនមកពីបណ្ដាប្រទេសមូស្លីមចំនួន០៦ ចូលក្នុងសហរដ្ឋអាមេរិក មិនបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់តាមផ្លូវច្បាប់នោះទេ តែបែរជាមានលក្ខណៈរើសអើងសាសនាទៅវិញ។
ម្យ៉ាងវិញទៀតបន្ទាប់ពីការសម្រេចចិត្តបែបនេះ លោក Derrick Watson បានទទួលសារគំរាមជាច្រើន ខណៈ FBI តាមរយៈអ្នកនាំពាក្យ លោកស្រី Michele Ernst ក៏បានអះអាងដែរថា បានដឹងពីស្ថានភាពនេះហើយ និងត្រៀមខ្លួនជានិច្ចក្នុងការផ្ដល់ជំនួយ។ ទោះបីយ៉ាងណា FBI ផ្ទាល់បានបដិសេធផ្ដល់ការបញ្ជាក់បន្ថែមពាក់ព័ន្ធនឹងការស៊ើបអង្កេត ហើយសូម្បីតែអត្ថន័យនៃសារគំរាមនោះ ក៏ពុំទាន់ត្រូវបានទម្លាយដែរ។
គួរបញ្ជាក់ថាយោងតាមបញ្ជាថ្មីរបស់លោក ដូណាល់ ត្រាំ ប្រជាជនមកពីប្រទេសមូស្លីមចំនួន០៦ ដូចជាអ៊ីរ៉ង់ ស៊ីរី យ៉េមែន លីប៊ី សូម៉ាលី និងស៊ូដង់ ត្រូវបានជាប់បម្រាមមិនឱ្យចូលសហរដ្ឋអាមេរិក ក្នុងរយៈពេល៩០ថ្ងៃ និង១២០ថ្ងៃសម្រាប់ជនអន្តោប្រវេសន៍ទាំងអស់៕