(ហាណូយ)៖ ប្រទេសវៀតណាមបានកំណត់មហិច្ឆតារបស់ខ្លួនថា នឹងផលិតក៏ដូចជាអភិវឌ្ឍន៍ផ្កាយរណបខ្នាតធំដោយខ្លួនឯងឲ្យបានចាប់ពីឆ្នាំ២០២២តទៅ នៅពេលដែលមូលដ្ឋានបច្ចេកទេសសម្រាប់ ការសិក្សាស្រាវជ្រាវ, ដំឡើង, រួមបញ្ចូលគ្នា, និងការធ្វើតេស្តផ្កាយរណបអាចចាប់ផ្តើមប្រតិបត្តិការបានជាផ្លូវការ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០១៧។
លោក Pham Anh Tuan នាយកមជ្ឈមណ្ឌលផ្កាយរណបជាតិវៀតណាម (VNSC) បានថ្លែងនៅថ្ងៃសុក្រនេះថា បន្ទាប់ពីបានអភិវឌ្ឍន៍ផ្កាយរណបទម្ងន់មួយគីឡូក្រាមឈ្មោះថា PicoDrago ជាប្រភេទផ្កាយរណបខ្នាតតូចល្អិតដែលផលិតដោយវៀតណាមផ្ទាល់ និងត្រូវបានបញ្ជូនទៅកាន់គន្លងទីអវកាសកាលពីឆ្នាំ២០១៣នោះ មជ្ឈមណ្ឌលរបស់លោកនឹងបន្តគំរោងមួយផ្សេងទៀត ស្តីពីការផលិតផ្កាយរណបទំហំធំៗជាងមុនម្តង រួមមាន NanoDragon (ទម្ងន់៤-៦គីឡូក្រាម), MicroDragon (ទម្ងន់៥០គីឡូក្រាម), Lotusat (៦០០គីឡូក្រាម) វិញម្តង។
គួរបញ្ជាក់ដែរថាប្រភេទផ្កាយរណបទាំងអស់នេះ ត្រូវបាញ់បង្ហោះទៅកាន់លំហអាកាស ដើម្បីជួយសម្រួលក្នុងការព្យាករណ៍អាកាសធាតុ និងការត្រៀមទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិនានា ប្រកបទៅដោយភាពច្បាស់លាស់ និងត្រឹមត្រូវជាងមុនជាពិសេសនោះនៅចំពេលនៃការកើនឡើងនូវបញ្ហាបម្រែបម្រួលអាកាសធាតុពិភពលោកតែម្តង៕