(គូឡាឡាំពួ)៖ កងកម្លាំងពិសេសប្រឆាំងភេរវកម្មរបស់ប្រទេសម៉ាឡេស៊ី ទើបប្រមាញ់បានជនសង្ស័យ ជាបណ្តាញក្រុម ISIS ចំនួន០៩នាក់ក្នុងនោះមានទាំងគ្រូបង្រៀនម្នាក់ផងដែរ ដែលពួកគេមានគំរោងបើក ការវាយប្រហារនានានៅក្នុងប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០១៧។
នៅក្នុងប្រតិបត្តិការនោះ ក្នុងចំណោមជនសង្ស័យដែលត្រូវចាប់ខ្លួនទាំង ០៩នាក់ក៏មានម្នាក់ផងដែរជាអ្នកធ្វើការនៅក្នុងភោជនីយដ្ឋានមួយ និងមានអាយុ ៣១ឆ្នាំរស់នៅក្នុងរដ្ឋ Perak ត្រូវបានប៉ូលិសចោទប្រកាន់ថា បានរៀបចំគំរោងវាយប្រហារទៅលើស្ថានីយ៍ប៉ូលិសក្នុងសង្កាត់ Tapah។ នេះបើតាមសម្តីរបស់លោក Khalid Abu Bakar អគ្គមេបញ្ជាការប៉ូលិសស៊ើបអង្កេតរបស់ម៉ាឡេស៊ី។
បុរសអាយុ ៣១ឆ្នាំខាងលើនេះ ក៏ត្រូវបានប៉ូលិសម៉ាឡេស៊ីសង្ស័យផងដែរថា ជាអ្នកដែលបានទាក់ទងដោយផ្ទាល់ជាមួយសមាជិកក្រុម ISIS នៅក្នុងប្រទេសឥណ្ឌូណេស៊ី ដើម្បីជួញដូរសារធាតុយកមកផលិតគ្រឿងផ្ទុះ ហើយក៏ជាអ្នកបញ្ចុះបញ្ចូលជនជាតិម៉ាឡេស៊ីមួយចំនួនទៀត ឲ្យចូលរួមសកម្មភាពជាមួយក្រុមភេរវករ ISIS ដូចជាការរៀបចំគំរោងបំផ្ទុះគ្រាប់បែក និងបាញ់ប្រហារបង្កចលាចលក្នុងសង្គមជាដើម។
គួរបញ្ជាក់ថាប៉ូលិសម៉ាឡេស៊ីបានចេញប្រតិបត្តិការក្តៅជាច្រើនលើក នៅចន្លោះថ្ងៃទី១៥ ដល់ទី២១ ខែមីនា នៅក្នុងរដ្ឋ Selangor, Perak, Kedah, Kelantan, និង Johor ដែលបានចាប់ខ្លួនក្រុមគាំទ្របណ្តាញក្រុម ISIS ជាច្រើននាក់ ថែមទាំងបានកំណត់មុខសញ្ញាដែលត្រូវចាប់ជាបន្តបន្ទាប់ច្រើនទៀត៕