(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានលើកឡើងថា ការប្រកាន់ជំហរបង្ករឿងនៅដែនសមុទ្រចិនខាងត្បូង រួមនិងភាពអសកម្មរបស់សហរដ្ឋអាមេរិក នៅពេលដែលចិនបានចាប់ផ្តើមសាងសង់កោះសប្បនិម្មិតនៅទីនោះ គឺជាហេតុបណ្តាលឲ្យកើតមានឡើងនូវភាពតានតឹង ដែលបច្ចុប្បន្នកំពុងបន្តគ្របដណ្តប់តំបន់នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចានារសៀលថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០១៧។
ប្រធានាធិបតីលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានថ្លែងថាយុទ្ធនាការចល័តនាវាល្បា ដើម្បីសេរីភាពរបស់ទីក្រុងវ៉ាស៊ីនតោន បានប្រឈមនឹងហានិយភ័យយ៉ាងធ្ងន់ធ្ងរ ដែលអាចបង្កជាការប៉ះទង្គិចគ្នា ហើយលោកបានចោទប្រកាន់រដ្ឋាភិបាលអតីតមេដឹកនាំអាមេរិកលោក អូបាម៉ា ថាបានដាក់សម្ពាធកៀកសង្កត់លើហ្វីលីពីនឲ្យចេញមុខប្រឆាំងតទល់ជាមួយចិន ដោយពុំមានការធានាគាំទ្រផ្នែកយោធាពីទីក្រុងវ៉ាស៊ីនតោននោះឡើយ។
ជាមួយគ្នានេះលោក ឌូតឺតេ បានបន្ថែមថាសម្ព័ន្ធដ៏ចំណាស់នៃប្រទេសរបស់លោក ដែលស្ថិតនៅក្រោមសន្ធិសញ្ញារវាងប្រទេសទាំងពីរ មានកាតព្វកិច្ចការពារទឹកដីហ្វីលីពីននោះ តែបែរជាមិនបានធ្វើអ្វីទាំងអស់ នៅពេលដែលទីក្រុងប៉េកាំងបានចាប់ផ្តើមកសាងសំណង់នានានៅតាមផ្នែកនៃតំបន់សេដ្ឋកិច្ចពិសេសផ្តាច់មុខរបស់ទីក្រុងម៉ានីល។
គួរបញ្ជាក់ថាការធ្វើអត្ថាធិប្បាយរបស់លោគ ឌូតឺតេ ត្រូវបានធ្វើឡើងនៅចំពេលមានការព្រួយបារម្ភនៅក្នុងប្រទេសហ្វីលីពីន ដែលថាចិននឹងធ្វើការសាងសង់ស្ថានីយ៍ឃ្លាំមើលបរិស្ថានមួយចំនួនទៀត នៅក្នុងដែនសមុទ្រមានវិវាទនេះ ដោយរួមទាំងនៅលើតំបន់ថ្មប៉ប្រះទឹក Scarborough Shoal ដែលស្ថិតនៅចម្ងាយប្រមាណជា ២០០គីឡូម៉ែត្រពីឆ្នេរសមុទ្រប្រទេសហ្វីលីពីនផងដែរ ក៏ប៉ុន្តែទីក្រុងប៉េកាំងបានច្រានចោលថា វាពុំមែនជាការពិតនោះទេ៕