(ហាណូយ)៖ ទីបំផុតប្រទេសវៀតណាមដែលនាពេលថ្មីៗនេះ បានជួបប្រទះបញ្ហាលំបាកយ៉ាងខ្លាំង ក្នុងការនាំចេញផលិតផលបង្គារនោះ បានធ្វើការផ្អាកជាផ្លូវការនូវការនាំចូលសាច់ រួមទាំងផលិតផលបសុសត្វ និងបសុបក្សី ពីកសិដ្ឋានក៏ដូចជារោងចក្រចំនួន២១កន្លែងរបស់ប្រទេសប្រេស៊ីល ដែលកំពុងស្ថិតក្រោមការសង្ស័យថា បានប្រើប្រាស់សារធាតុពុំមានអនាម័យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០១៧ ដោយផ្អែកលើប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកវៀតណាមផ្ទាល់។
យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន People នៅថ្ងៃសុក្រនេះ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម ក៏បានស្នើឲ្យនាយកដ្ឋានសុខភាពសត្វធ្វើការតាមដាន ក៏ដូចជាត្រួតពិនិត្យឲ្យបានដិតដល់ផងដែរ ទៅលើផលិតទាំងនោះដែលបាននាំចូលពីប្រទេសប្រេស៊ីលនាពេលមុនៗ ហើយត្រូវផ្តល់ដំណឹងជាបន្ទាន់នៅក្នុងករណីដែលរកឃើញផលិតផលមានប្រភពចេញពីរោងចក្រទាំង ២១នោះ។
គួរបញ្ជាក់ដែរថាវៀតណាមបានធ្វើការនាំចូលផលិតផលសាច់ប្រមាណ ៣,០០០តោនពីប្រេស៊ីលគិតចាប់តាំងពីដើមឆ្នាំ២០១៧នេះ ដែលវាគឺជាចំនួនតិចតួចនោះទេ បើធៀបទៅនឹងផលិតផលសាច់ជិត ០៦លានតោន ដែលប្រទេសអាមេរិកឡាទីនមួយនេះបាននាំចេញជារៀងរាល់ឆ្នាំ។ ដោយឡែកនាពេលថ្មីៗកន្លងទៅនេះ វៀតណាមក៏បានជួបប្រទះបញ្ហាធ្ងន់ធ្ងរមួយផងដែរ បន្ទាប់ពីប្រទេសអូស្រ្តាលីបានសម្រេចផ្អាកការនាំចូលសត្វបង្គារពីប្រទេសរបស់ខ្លួន ដោយសង្ស័យថាជាប្រភពបង្កជំងឺរាតត្បាត៕