(យូអិន)៖ បន្ទាប់ពីអ្នកតំណាងកូរ៉េខាងជើង បានផ្ញើលិខិតពន្យល់បកស្រាយអំពីស្ថានការណ៍ នៅឧបទ្វីបកូរ៉េដល់អគ្គលេខាធិការនៃអង្គការសហប្រជាជាតិលោក Antonio Guterres ក្រុមប្រឹក្សាសន្តិសុខរបស់ UN បានធ្វើការថ្កោលទោសយ៉ាងចាស់ដៃ ចំពោះការធ្វើតេស្តមីស៊ីលព្រមទាំងម៉ាស៊ីនគ្រាប់រ៉ុក្កែតរបស់ប្រទេសកូរ៉េខាងជើងនាពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០១៧។
ក្រុមបឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ការធ្វើតេស្តមីស៊ីល និងម៉ាស៊ីនគ្រាប់រ៉ុក្កែត គឺជារំលោភបំពានយ៉ាងធ្ងន់ធ្ងរនៃកាតព្វកិច្ចអន្តរជាតិរបស់ប្រទេសកូរ៉េខាងជើង ហើយសមាជិកទាំងអស់នៃក្រុមប្រឹក្សាសន្តិសុខមានក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃទង្វើបង្កអស្ថិរភាពយ៉ាងជាក់ស្តែង ក៏ដូចជាការរឹងទទឹងរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ចំពោះក្រុមប្រឹក្សាសន្តិសុខ។
គួរបញ្ជាក់ថាអ្នកតំណាងអចិន្រ្តៃយ៍នៃប្រទេសកូរ៉េខាងជើង ប្រចាំនៅអង្គការសហប្រជាជាតិ បានផ្ញើលិខិតមួយច្បាប់ទៅកាន់អគ្គលេខាធិការ UN ពាក់ព័ន្ធស្ថានការណ៍ដ៏ក្តៅគគុកនៅឧបទ្វីបកូរ៉េ ដោយបានបន្ទោសថា សហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងត្បូង គឺជាអ្នកដុតរោលភាពតានតឹងនៅទីនោះ៕