(អង់គ្លេស)៖ ប៉ូលិសអង់គ្លេសបានកំណត់អត្តសញ្ញាណ ជនដែលបានវាយប្រហារស្លាប់មនុស្ស០៥នាក់ នៅឯខាងក្រៅបរិវេណសភាអង់គ្លេសកាលពីថ្ងៃពុធនោះហើយ នោះរូបគេគឺជាពលរដ្ឋអង់គ្លេសមានឈ្មោះថា Khalid Masood អាយុ៥២ឆ្នាំ ខណៈក្រុម ISIS ក៏បានចេញមុខទទួលខុសត្រូវ លើការវាយប្រហារដ៏អាក្រក់នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០១៧។
ក្រុម ISIS តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ឈ្មោះ Amaq បានអះអាងថា ការវាយប្រហារនៅកណ្ដាលទីក្រុងឡុងដ៏ ជាស្នាដៃរបស់ខ្លួនហើយជន Khalid Masood ជាអ្នកប្រយុទ្ធម្នាក់ក្នុងចំណោមក្រុមអ្នកប្រយុទ្ធ ISIS ដែលទទួលបញ្ជា និងកំពុងដឹកនាំការវាយប្រហារសងសឹក ទៅលើបណ្ដាប្រទេសបានចូលរួមនៅក្នុង ក្រុមចំរុះអន្តរជាតិជាមួយសហរដ្ឋអាមេរិក ប្រយុទ្ធប្រឆាំងនឹងក្រុមរបស់ខ្លួននៅស៊ីរី និងអ៊ីរ៉ាក់។
ដោយឡែកបើយោងតាមប៉ូលិសអង់គ្លេស Khalid Masood ក៏ជាគ្រូបង្រៀនភាសាអង់គ្លេសម្នាក់ផងដែរ និងថែមទាំងធ្លាប់បានប្រព្រឹត្តបទល្មើសជាច្រើនទៀតផង ក៏ប៉ុន្តែមិនមានជាប់ពាក់នឹងសកម្មភាពភេរវកម្មនោះទេ។ «គាត់ (Khalid Masood) មិនបានស្ថិតនៅក្រោមកម្មវត្ថុនៃការស៊ើបអង្កេតណាមួយឡើយ ហើយក៏មិនមានព័ត៌មានបញ្ជាក់ថា រូបគាត់មានបំណងធ្វើសកម្មភាពភេរវកម្មនោះដែរ»។ នេះបើតាមសម្តីមន្ត្រីប៉ូលិសអង់គ្លេស។
គួរបញ្ជាក់ថាបើតាមប៉ូលិសអង់គ្លេស ភេរវករ Khalid Masood គឺជាអ្នកវាយប្រហារមានអាយុច្រើនជាងគេ នៅក្នុងចំណោមភេរវករ ដែលបានវាយប្រហារភេរវកម្មនៅអឺរ៉ុបនាពេលថ្មីៗកន្លងទៅនេះ៕