(ព្យុងយ៉ាង)៖ អ្នកតំណាងអចិន្រ្តៃយ៍​នៃប្រទេសកូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិ (UN) បានផ្ញើលិខិតមួយច្បាប់ទៅកាន់អគ្គ​លេ​ខាធិការ UN ពាក់ព័ន្ធស្ថានការណ៍ដ៏ក្តៅគគុកនៅឧបទ្វីបកូរ៉េ ដោយបានបន្ទោសថា សហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងត្បូង គឺជាអ្នកដុត​រោលភាពតានតឹងនៅទីនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០១៧។

យោងតាម​សេចក្តីរាយការណ៍ ​របស់ទីភ្នាក់ងារ​ព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA អ្នកតំណាង​អចិន្រ្តៃយ៍​របស់រដ្ឋាភិបាល​ទីក្រុងព្យុងយ៉ាង​ប្រចាំនៅ​ UN បានថ្លែងនៅក្នុងលិខិតនោះថា ឧបទ្វីបកូរ៉េ​កំពុងស្ថិត​នៅលើមាត់ជ្រោះនៃ​ភ្លើងសង្រ្គាម​ហើយ ដោយសារតែ​ការធ្វើសមយុទ្ធ​យោធា​រួមគ្នា​ទ្រង់ទ្រាយ​ធំបំផុតមិនធ្លាប់មាន ដែលកំពុង​ប​ន្តប្រារព្ធឡើង​ដោយទីក្រុងវ៉ាស៊ីនតោន​ និងទីក្រុងសេអ៊ូល។

ព្រមពេលជាមួយគ្នា​អ្នកតំណាង​​រូបនោះក៏បានរំលឹកដែរថា ​កាលពីថ្ងៃទី០៦ ខែមីនា កូរ៉េខាងជើង​បានទទូចឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​នៃអង្គការសហប្រជាជាតិ​បើកកិច្ច​ប្រជុំ​​ជា​បន្ទាន់មួយ ដើម្បីពិភាក្សា​ពីបញ្ហានៃ​ការធ្វើ​សមយុទ្ធ​រួមអាមេរិក-កូរ៉េខាងត្បូង ប៉ុន្តែមក​ទល់ពេលនេះ​ពុំទាន់ទទួល​បាន​ការឆ្លើយ​តប​វិញនោះ​ឡើយ។

គួរបញ្ជាក់ថា​មន្រ្តីកូរ៉េខាងជើង​ដដែលនេះ ការធ្វើតេស្ត​មីស៊ីលផ្លោង​ក៏ដូចជាអាវុធនុយក្លេអ៊ែរ​ ដែលកំពុងត្រូវបាន​អនុវត្តន៍ជាបន្តបន្ទាប់​ដើម្បី​​ពង្រឹងកម្លាំងយោធាជាតិនៅលើដីគោក លើទឹក និងលើអាកាស គឺជាវិធានការ​ការពារខ្លួនតែ​ប៉ុណ្ណោះ ដើម្បីការពារ​ដែនអធិបតេយ្យភាព​​នៃ​ប្រទេសកូរ៉េខាងជើង​ ​ពី​ការ​គំរាម​កំហែង​​ដោយនុយ​ក្លេ​អ៊ែរ​​ឥត​ឈប់​ឈររបស់​សហរដ្ឋអាមេរិក៕