(សេអ៊ូល)៖ កូរ៉េខាងជើងហាក់ដូចជាបានបញ្ចប់ទាំងស្រុងហើយ នូវការរៀបចំបំរុងធ្វើតេស្ដសាកល្បងអាវុធនុយក្លេអ៊ែរសាជាថ្មី គ្រប់ពេលវេលា និងគ្រប់ទីកន្លែងឱ្យតែ មេដឹកនាំទីក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ុន ហាមាត់តែមួយម៉ាត់។ នេះគឺជាការព្រមានរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណ មន្រ្តីការពារជាតិកូរ៉េខាងត្បូងបានឱ្យដឹងយ៉ាងដូច្នេះថា «យើងជឿជាក់ថាកូរ៉េខាងជើងមានសមត្ថភាព សាកល្បងបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរ នៅក្នុងពេលដ៏ខ្លីខាងមុខនេះឱ្យតែមានបញ្ជាពីលោក គីម ជុងអ៊ុន។ ព្រមពេលជាមួយគ្នាយើងកំពុងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ដើម្បីតាមដានការវិវត្តន៍សកម្មភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើង»។
គួរជំរាបជូនដែរថាការព្រមានរបស់កូរ៉េខាងត្បូង ធ្វើឡើងនៅក្រោយពេលដែលស្ថានីយទូរទស្សន៍អាមេរិក Fox News រាយការណ៍ថាមន្ត្រីអាមេរិកជាច្រើននាក់បានអះអាងថា ពួកគេចាប់បានសញ្ញាណថា ទីក្រុងព្យុងយ៉ាងបានជីករោងក្រោមដីថ្មីមួយ នៅក្បែរតំបន់បាញ់សាកល្បងអាវុធនុយក្លេអ៊ែរ Punggye-ri ដើម្បីត្រៀមធ្វើតេស្ដបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរជាលើកទី០៦ ហើយដែលវាមានសមត្ថភាពខ្លាំងលើសមុនៗ ១៤ដងឯណោះ។
សម្រាប់រូបភាពពីផ្កាយរណបកន្លងមក គឺមិនមែនជាការបំផុសបំផុលដល់អន្តរជាតិឲ្យមានការជ្រួលច្របល់នោះឡើយ ពីព្រោះថារាល់ពេលដែលកូរ៉េខាងជើងត្រៀមធ្វើតេស្តនុយក្លេអ៊ែរម្តងៗ វាតែងតែត្រូវបានតាមដានដឹងជាមុនដោយភ្នាក់ងារសម្ងាត់ និងប្រព័ន្ធផ្កាយរណបរបស់អាមេរិក ឬកូរ៉េខាងត្បូងជានិច្ច ក្នុងនោះរួមទាំងការត្រៀមធ្វើតេស្តបាញ់គ្រាប់មីស៊ីលផងដែរ៕