(ស៊ីដនី)៖ ខណៈបណ្ដាប្រទេសនៅក្នុងតំបន់បានបង្ហាញពីការព្រួយបារម្ភ នូវអ្វីដែលពួកគេហៅថា សកម្មភាពវាតទីរបស់ទីក្រុងប៉េកាំងនៅតំបន់ជម្លោះសមុទ្រចិនខាងត្បូង នាយរដ្ឋមន្ត្រីចិន លោក Li Keqiang នៅថ្ងៃសុក្រនេះបាននិយាយជាសាធារណថា ចិនមិនបានឬក៏កំពុងធ្វើសកម្មភាពនៅតំបន់សមុទ្រចិនខាងត្បូងនោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០១៧។
ការលើកឡើងខាងលើរបស់លោក Li Keqiang ធ្វើឡើងនៅបន្ទាប់ពីបានលេចលឺព័ត៌មានថា ចិនបាននិងកំពុងសាងសង់ ក៏ដូចជាតម្លើងប្រព័ន្ធរ៉ាដាត្រួតពិនិត្យបរិស្ថាននៅតំបន់សមុទ្រចិនខាងត្បូង ដែលនេះត្រូវបានប្រទេសជាភាគីជម្លោះមួយចំនួនដូចជាហ្វីលីពីន និងវៀតណាមចាត់ទុកថា ចិនមានបំណងប្រើប្រាស់ ប្រព័ន្ធរ៉ាដានេះសម្រាប់វិស័យយោធា។ ទោះបីជាយ៉ាងណាក៏ដោយ ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងប្រទេសអូស្ត្រាលី លោក Li Keqiang បានបញ្ជាក់ថាការអភិវឌ្ឍ ឬសកម្មភាពរបស់ចិនគឺសម្រាប់វិស័យស៊ីវិលតែប៉ុណ្ណោះ។
គួរបញ្ជាក់ថាចិនបានទាមទារគ្រប់គ្រងសមុទ្រចិនខាងត្បូងស្ទើរតែទាំងស្រុង រីឯវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ព្រុយណេ និងតៃវ៉ាន់ក៏បានទាមទារចំណែករៀងៗខ្លូនផងដែរ រហូតដល់អ្នកជំនាញបង្ហាញក្ដីបារម្ភខ្លាចក្រែងថា វាអាចនឹងបង្កជាជម្លោះយោធារវាងចិន និងសហរដ្ឋអាមេរិក ដែលកំពុងនៅពីក្រោយគាំទ្របណ្តាប្រទេស ជាភាគីជម្លោះជាមួយទីក្រុងប៉េកាំង៕