(ម៉ូស្គូ)៖ នៅមុននេះបន្តិចគេហទំព័រ WikiLeaks ដែលមានជំនាញខាងបញ្ចេញព័ត៌មានសម្ងាត់ដ៏រសើបៗនោះ បានចុះផ្សាយនូវកញ្ចប់ឯកសារថ្មីចុងក្រោយបំផុតនៃកម្រងឯកសារសម្ងាត់ «Vault 7» ដែលទាក់ទងនឹងកម្មវិធីលួចស៊ើបការណ៍របស់ទីភ្នាក់ងារ CIA របស់អាមេរិក ដោយកញ្ចប់ឯកសារសម្ងាត់នេះមានឈ្មោះថា «Dark Matter» ដែលបកអាក្រាតពីបច្ចេកទេសផ្សេងៗរបស់ CIA ដែលត្រូវបាន ប្រើប្រាស់ ទៅលើផលិតផលអេឡិចត្រូនិចរបស់ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីល្បាញទូទាំងពិភពលោក Apple។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០១៧។
ប្រភពព័ត៌មានដដែលបានឲ្យដឹងថាគំរោង Dark Matter នេះត្រូវបានបង្កើតឡើងដោយផ្នែកអភិវឌ្ឍន៍បច្ចេកវិទ្យា EDB របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA ដើម្បីវាយលុកទៅលើកម្មវិធីស្នូលដ៏សំខាន់បំផុត បង្កប់រួចស្រាប់នៅក្នុង ផលិតផលរបស់ Apple ដែលមានន័យថាមេរោគនេះនឹងនៅតែបន្តវាយលុកនៅក្នុងផលិតផលទាំងនោះរហូត ទោះបីជាមានការខិតប្រឹងប្រែងក្នុងការកម្ចាត់វាចោលយ៉ាងណាក្តី ដោយរួមទាំងការព្យាយាមដំឡើង ប្រព័ន្ធប្រតិបត្តិនៃឧបករណ៍សាជាថ្មីផងដែរ។
កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ គេហទំព័រ Wikileaks បានប្រកាសថាខ្លួនបានចាប់ផ្ដើមទម្លាយឯកសារសម្ងាត់ជាច្រើន ក្រោមលេខកូដ Vault 7 របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA របស់សហរដ្ឋអាមេរិកដែលនឹងក្លាយជាការចុះផ្សាយឯកសារសម្ងាត់សំខាន់រាប់ពាន់ពាក់ព័ន្ធនឹងទីភ្នាក់ងារចារកិច្ចនេះ។
ផ្អែកលើឯកសារសម្ងាត់ CIA ដែលត្រូវបានទម្លាយដោយគេហទំព័រ Wikileaks ទីភ្នាក់ងារស៊ើបការសម្ងាត់អាមេរិក CIA អាចមានលទ្ធភាព Hack និងប្រមូលសារឆ្លើយឆ្លង ឬ Messages នៅលើ WhatsApp និងកម្មវិធីទូរស័ព្ទដៃជាច្រើនផ្សេងទៀតត្បិត CIA បានតាមដានក៏ដូចជាកំពុងគ្រប់គ្រងទូរស័ព្ទដៃស្មាតដល់ទៅ ៨៥ភាគរយ នៅទូទំាងពិភពលោក។ ជាងនេះទៅទៀត CIA ក៏បានផលិតវីរុសព្រមទំាងកម្មវិធីរាប់ពាន់ ដែលអនុញ្ញាតឱ្យខ្លួនចូល Hack ប្រមូលសារឆ្លើយឆ្លងនៅលើកម្មវិធី WhatsApp, Weibo របស់ចិន និង Clockman ចំណែកឯកសារជាអក្សរ ឬជាសំឡេងក៏ត្រូវបាន CIA Hack ផងដែរ។
តាមឯកសារសម្ងាត់របស់ WikiLeaks ដែលត្រូវបានទម្លាយនាលើកមុនបានឲ្យដឹងថា CIA បានបង្កើតកម្មវិធីរាប់ពាន់ក្នុងនោះរួមមានទំាងការបង្កើតវីរុស និងកម្មវិធីជាច្រើនផ្សេងទៀត ដែលអនុញ្ញាតឱ្យខ្លួនចូល Hack ទិន្នន័យ ឬគ្រប់គ្រងឧបករណ៍អេឡិចត្រូនិច ដូចជាទូរស័ព្ទដៃស្មាតហ្វូន កុំព្យូរទ័រ ទូរទស្សន៍ និងរថយន្ដទំនើបជាដើម ដើម្បីឆ្លបយកការណ៍លើអ្នកប្រើប្រាស់។ ចំណែកឯក្រុមហ៊ុន Microsoft Apple និង Samsung ក៏បានបង្ហាញការព្រួយបារម្ភរបស់ខ្លួនផងដែរ បន្ទាប់ពីការបែកធ្លាយឯកសារសម្ងាត់ CIA។
គួរបញ្ជាក់ថា WikiLeaks បានបញ្ចេញឯកសារជុំដំបូងនៃ Vault 7 ដែលបកអាក្រាតអំពីសមត្ថភាពនៃការ Hack របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA របស់អាមេរិក ហើយយោងតាមក្រុមបញ្ចេញឯកសារសម្ងាត់ដ៏រសើបៗជុំវិញពិភពលោកដដែលនេះ ចង្កោមឯកសារដែលមានចំនួន៨,៧៦១ច្បាប់នេះ គឺត្រឹមតែមួយភាគរយប៉ុណ្ណោះនៃឯកសារសម្ងាត់ទាំងស្រុង ដែលគ្រោងនឹងចេញផ្សាយជាបន្តបន្ទាប់ទៀត៕