(ឡុងដ៍)៖ នៅក្នុងកិច្ចប្រជុំសភាដ៏បន្ទាន់មួយរបស់ចក្រភពអង់គ្លេស ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារ​ដោយអំពើភេរវកម្ម​ដ៏កក្រើកទីក្រុងឡុងដ៍នោះ នាយករដ្ឋមន្ត្រីអង់គ្លេសស្រី Theresa May បានប្រាប់​សមាជិកសភាទាំងអស់ថា «យើងមិនភ័យខ្លាច​នោះឡើយ» ចំពោះអំពើភេរវកម្ម ខណៈលោកស្រីក៏បាន​អះអាងទៀតថា ភេរវករមួយរូបនោះគឺជាអ្នកដែល​ចាប់កំណើតនៅ​ចក្រភពអង់គ្លេសផ្ទាល់តែម្តង។ នេះបើតាម​សារព័ត៌មាន BBC ចេញផ្សាយនាល្ងាចថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០១៧។

នៅក្នុងកិច្ចប្រជុំសភានោះដែរនាយករដ្ឋមន្ត្រីអង់គ្លេស បានលើកឡើងនូវបញ្ហាជាច្រើន និងផែនការដែលត្រូវ​ធ្វើដើម្បីទប់ស្កាត់​ការវាយប្រហារបន្តទៀតដោយភេរវករ ហើយក្នុងនោះលោកស្រី May បានបញ្ជាក់ថា «ថ្មីៗនេះបុគ្គលរូបនោះ (ភេរវករ) មិនបាន​ស្ថិត​នៅក្នុងការឃ្លាំមើលរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ នោះទេ»។ មកដល់ពេលនេះជនសង្ស័យ ០៨នាក់ហើយ​ត្រូវបានចាប់ខ្លួន បន្ទាប់ពីអំពើភេរវកម្មដែលបាន​បណ្តាលឲ្យមនុស្សស្លាប់ ០៥នាក់រួមទាំងភេរវករ និង៤០នាក់ទៀតរងរបួស។

យោងតាមប៉ូលិស​អង់គ្លេស បុរសម្នាក់បានដឹកនាំ​សកម្មភាពវាយប្រហារ​ភេរវកម្ម​តែម្នាក់ឯង ដោយដំបូង​ឡើយរូបគេបានបើក​រថយន្ដបំបុកសម្លាប់​មនុស្ស០២នាក់ និងជាច្រើននាក់​ទៀតរងរបួស នៅឯស្ពាន Westminster Bridge ស្ថិតនៅក្បែរសភា​ក្នុងទីក្រុងឡុងដ៏។ បន្ទាប់មកបុរសនេះដដែល​ បានចុះពីលើ​រថយន្ដរត់តម្រង់ទៅកាន់សភា ហើយបានចាក់សម្លាប់​ប៉ូលិសម្នាក់ មុនត្រូវបានប៉ូលិស​ដទៃបាញ់សម្លាប់។

ដោយឡែកនៅប៉ុន្មានម៉ោងមុននេះ លោក Mark Rowley ប្រធានទីភ្នាក់ងារ​ប្រឆាំងភេរវកម្មរបស់អង់គ្លេស​បាននិយាយថា ប៉ូលិសបានកំណត់​ជនសង្ស័យ​ជាច្រើននាក់​ចាប់តាំងពីការវាយប្រហារ​កើតឡើង រហូតដល់ពេល​យប់ថែមទៀត ដោយជន​សង្ស័យ​ដែលត្រូវបាន​ចាប់ខ្លួនមានចំនួន ០៧នាក់ជាជនចំរុះជាតិសាសន៍​​ក្នុងនោះមានទាំងស្រី​អាយុខ្ទង់ ៤០ឆ្នាំ និងបុរសវ័យខ្ទង់ ៥០ឆ្នាំផងដែរ​ដើម្បីរង់ចាំការ​សួរចម្លើយ។ សម្រាប់អ្នករង​របួសទាំង ៤០នាក់នៅក្នុងអំពើភេរវកម្មនោះ គឺមាន០៧នាក់កំពុងសម្រាកព្យាបាល​​នៅមន្ទីរពេទ្យ​នៅឡើយ ដោយសារមានស្ថានភាព​ធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា​នៅក្នុងចំណោមជន​រងគ្រោះទាំង០៥ខាងលើ មានប៉ូលិសម្នាក់ឈ្មោះ Keith Palmer អាយុ៤៨ឆ្នាំរួមទាំងភេរវករ​ម្នាក់ផងដែរ ហើយការវាយប្រហារនេះកើតឡើងតែប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ ក្រោយអង់គ្លេស​ហាមឃាត់អ្នកដំណើរ​មកពី​អាកាសយានដ្ឋាន​ នៃបណ្ដាប្រទេសមជ្ឈិម​បូព៌ាមួយចំនួន នំាយកគ្រឿង​អេឡិចត្រូនិច មានទំហំធំជាងទូរស័ព្ទឡើងលើ​យន្ដហោះ៕