(ម៉ូស្គូ)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក ស៊ឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលទីក្រុងម៉ូស្គូមានឆន្ទៈយ៉ាងមុតមាំ ក្នុងការពិភាក្សាគ្នាអំពីការកាត់បន្ថយអាវុធនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០១៧។
ថ្លែងក្នុងជំនួបជាមួយអ្នកតំណាងពិសេស នៃអង្គការសហប្រជាជាតិប្រចាំប្រទេសស៊ីរីលោក Staffan de Mistura នៅឯទីក្រុងម៉ូស្គូ លោក ឡាវរ៉ូវ បានបញ្ជាក់យ៉ាងច្បាស់លាស់ដូចគ្នាថា «ពួកយើងបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីធ្វើការពិភាក្សាអំពីលទ្ធភាពនៃការបន្តកាត់បន្ថយការប្រើប្រាស់នូវអាវុធនុយក្លេអ៊ែរបន្ថែមទៀត ប៉ុន្តែលុះត្រាតែរាល់កត្តាពាក់ព័ន្ធទាំងអស់ នឹងត្រូវលើកយកមកពិចារណាក៏ដូចជាពិភាក្សា មិនមែនត្រឹមតែអាវុធយុទ្ធសាស្រ្តមួយចំនួននោះឡើយ»។
ជាចុងក្រោយលោករដ្ឋមន្រ្តីការបរទេសរុស្ស៊ីបានលើកឡើងថា ទីក្រុងម៉ូស្គូស្វាគមន៍ជានិច្ចក្នុងការបើកកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិកស្តីពីការកាត់បន្ថយអាវុធនុយក្លេអ៊ែរ និងជឿជាក់ថាប្រទេសដទៃជាច្រើនផ្សេងទៀតក៏ចាំបាច់ត្រូវចូលរួមក្នុងដំណើរការនៃកិច្ចពិភាក្សានេះផងដែរ៕