(ព្យុងយ៉ាង)៖ កូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះ បានថ្កោលទោសជប៉ុនយ៉ាងចាស់ដៃ សម្រាប់ការបាញ់បង្ហោះផ្កាយរណបស៊ើបការ ហើយថាសកម្មភាពបែបនេះ បានបង្ហាញយ៉ាងច្បាស់ពីមហិច្ឆតាឈ្លានពានលើកូរ៉េសាជាថ្មី ដូចដែលទីក្រុងតូក្យូ ធា្លប់បានធ្វើកាលពីជាងមួយសតវត្សរ៍មុន។ នេះបើតាមសារព័ត៌មានកូរ៉េខាងជើង KCNA ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០១៧។
KCNA តាមរយៈការដកស្រង់សម្ដី ពីអ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងបានឱ្យដឹងថា ជប៉ុនបានបាញ់សាកល្បងគ្រាប់រ៉ុក្កែត H-2A បង្ហោះផ្កាយរណបស៊ើបការណ៍ ពីមជ្ឈមណ្ឌលអវកាស Tanegashima Space ក្នុងខេត្ត Kagoshima កាលពីថ្ងៃទី១៧ ខែមីនា។ អ្នកនាំពាក្យរូបនេះបានលើកឡើងដូច្នេះថា «អាជ្ញាធរជប៉ុនបានប្រកាសថា ផ្កាយរណបត្រូវបានបាញ់បង្ហោះ គឺមានគោលបំណងប្រមូលព័ត៌មានពាក់ព័ន្ធនឹងការបាញ់សាកល្បងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង ហើយថែមទំាងអះអាងថាវាជាផ្កាយរណបស៊ើបការណ៍ទៀតផង។ មួយវិញទៀត ការបាញ់បង្ហោះផ្កាយរណបនេះ ធ្វើឡើងនៅចំពេលគំនិតយោធា និយមកំពុងរីកដុះដាលជាថ្មីនៅក្នុងប្រទេសជប៉ុន ដែលនេះអាចបញ្ជាក់យ៉ាងច្បាស់ពីមហិច្ឆតាឈ្លានពានលើកូរ៉េសាជាថ្មី ដូចដែលទីក្រុងតូក្យូធា្លប់បានធ្វើកាលពីសម័យអាណានិគមនិយមជប៉ុន»។
គួរបញ្ជាក់ថាបើតាមអ្នកនាំពាក្យរូបនេះដដែល កូរ៉េខាងជើងនឹងបន្តអភិវឌ្ឍន៍ទីអវកាស ក្រោមសិទ្ធិស្របច្បាប់ និងសន្តិភាពដោយមិនខ្វល់ឡើយពីសម្ដី និងការគិតរបស់អ្នកដទៃ៕