(ឡុងដ៍)៖ មិនទាន់បានមួយថ្ងៃស្រួលបួលផងបន្ទាប់ពីការវាយប្រហារ ដោយអំពើភេរវកម្មនៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេសនោះ ប៉ូលិសអង់គ្លេសបានប្រមាញ់ជនសង្ស័យចំនួន០៧នាក់ហើយ ដោយក្នុងនោះប៉ូលិសបានធ្វើការចុះឆែកឆេរចំនួន០៦ទីតាំងដែលត្រូវបានកំណត់។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិចដោយសារព័ត៌មាន BBC នារសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០១៧។
លោក Mark Rowley ប្រធានទីភ្នាក់ងារប្រឆាំងភេរវកម្មរបស់អង់គ្លេសបាននិយាយថា ប៉ូលិសបានកំណត់ជនសង្ស័យជាច្រើននាក់ចាប់តាំងពីការវាយប្រហារកើតឡើង រហូតដល់ពេលយប់ថែមទៀត ដោយជនសង្ស័យដែលត្រូវបានចាប់ខ្លួនមានចំនួន ០៧នាក់ជាជនចំរុះជាតិសាសន៍ក្នុងនោះមានទាំងស្រីអាយុខ្ទង់ ៤០ឆ្នាំ និងបុរសវ័យខ្ទង់ ៥០ឆ្នាំផងដែរដើម្បីរង់ចាំការសួរចម្លើយ។ សម្រាប់អ្នករងរបួសទាំង ៤០នាក់នៅក្នុងអំពើភេរវកម្មនោះ គឺមាន០៧នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ ដោយសារមានស្ថានភាពធ្ងន់ធ្ងរ។
យោងតាមប៉ូលិសអង់គ្លេស បុរសម្នាក់បានដឹកនាំសកម្មភាពវាយប្រហារភេរវកម្មតែម្នាក់ឯង ដោយដំបូងឡើយរូបគេបានបើករថយន្ដបំបុកសម្លាប់មនុស្ស០២នាក់ និងជាច្រើននាក់ទៀតរងរបួស នៅឯស្ពាន Westminster Bridge ស្ថិតនៅក្បែរសភាក្នុងទីក្រុងឡុងដ៏។ បន្ទាប់មកបុរសនេះដដែល បានចុះពីលើរថយន្ដរត់តម្រង់ទៅកាន់សភា ហើយបានចាក់សម្លាប់ប៉ូលិសម្នាក់ មុនត្រូវបានប៉ូលិសដទៃបាញ់សម្លាប់ ខណៈប៉ូលិសអង់គ្លេសមិនទាន់បានបញ្ជាក់ពីអត្តសញ្ញាណ ភេរវកររូបនេះនៅឡើយទេ។
គួរបញ្ជាក់ថានៅក្នុងចំណោមជនរងគ្រោះទាំង០៥ខាងលើ មានប៉ូលិសម្នាក់ឈ្មោះ Keith Palmer អាយុ៤៨ឆ្នាំរួមទាំងភេរវករម្នាក់ផងដែរ ហើយការវាយប្រហារនេះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយអង់គ្លេសហាមឃាត់អ្នកដំណើរមកពីអាកាសយានដ្ឋាន នៃបណ្ដាប្រទេសមជ្ឈិមបូព៌ាមួយចំនួន នំាយកគ្រឿងអេឡិចត្រូនិច មានទំហំធំជាងទូរស័ព្ទឡើងលើយន្ដហោះ៕