(វ៉ាស៊ីនតោន)៖ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) នៅថ្ងៃព្រហស្បតិ៍នេះ បានចោទប្រកាន់សហរដ្ឋអាមេរិក និងអង់គ្លេសថាជាអ្នកទទួលខុសត្រូវលើវិបត្តិមនុស្សធម៌ នៅក្នុងប្រទេសយ៉េមែន តាមរយៈការប្រគល់អាវុធរបស់ពួកគេទៅឱ្យ អារ៉ាប៊ី សាអូឌីត ដែលកំពុងដឹកនាំក្រុមចំរុះអារ៉ាប់វាយប្រហារតាមផ្លូវអាកាស ប្រឆាំងនឹងមូលដ្ឋាននៃក្រុមឧទ្ទាមហ៊ូទី ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានបារាំង Le Figaro នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០១៧។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន អង្គការអន្តរជាតិមួយនេះបានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡុងដ៍បានផ្ដល់អាវុធគិតជាទឹកប្រាក់រហូតដល់ជាង ៥ពាន់លានដុល្លារសម្រាប់ អារ៉ាប៊ី សាអូឌីត ចាប់តាំងពីប្រទេសនេះធ្វើអន្តរាគមន៍យោធានៅយ៉េមែន អស់រយៈពេល០២ឆ្នាំមកនេះ។ ម្យ៉ាងវិញទៀតចំនួន លុយទាំងនេះគឺច្រើនជាង ១០ដង បើធៀបទៅនឹងជំនួយដែលប្រទេសមហាអំណាចទាំងពីរ ផ្ដល់ឱ្យយ៉េមែនក្នុងរយៈពេល ០២ឆ្នាំទៅទៀត។
«ជម្លោះនៅយ៉េមែនបានបង្ខំឱ្យប្រជាជន ០៣លាននាក់ចាកចេញពីផ្ទះសម្បែង ហើយពួកគេកំពុងប្រឈមមុខនឹងវិបត្តិមនុស្សជាតិយ៉ាងធ្ងន់ធ្ងរ (...) ការផ្គត់ផ្គង់អាវុធដោយបណ្ដារដ្ឋ មួយចំនួនដូចជា សហរដ្ឋអាមេរិក និងអង់គ្លេស ត្រូវបានគេយកទៅប្រើប្រាស់ ដើម្បីប្រព្រឹត្តសកម្មភាពរំលោភបំពាននានា ដែលជាការចូលរួមចំណែកបង្កទៅ គ្រោះមហន្តរាយមនុស្សជាតិ»។ នេះបើតាមភ្នាក់ងារអង្គការខាងលើប្រចាំប្រទេសលីបង់ លោកស្រី Lynn Maalouf។
គួរបញ្ជាក់ថាបើតាមអង្គការសហប្រជាជាតិ សង្រ្គាមនៅយ៉េមែនបានផ្ដាច់យកអាយុជីវិតមនុស្សជិត ៧,៧០០នាក់ភាគច្រើនជាជនស៊ីវិល និង៤២,៥០០នាក់បានរងរបួសគិតចាប់តាំងពីឆ្នាំ២០១៤មក។ ចំណែកឯអង្គការលើកលែងទោសអន្តរជាតិ ក៏បានស្នើឱ្យបញ្ឈប់ការផ្ដល់អាវុធក៏ដូចជាអំពាវនាវឱ្យមានការ ស៊ើបអង្កេតអន្តរជាតិពាក់ព័ន្ធនឹងការរំលោភបំពានជាច្រើន ប្រព្រឹត្តឡើងដោយភាគីជម្លោះទំាងអស់៕