(អង់គ្លេស)៖ រថក្រោះ, កាំភ្លើងធំស្វ័យប្រវត្តិ, និងបរិក្ខាយោធាទំនើបៗជាច្រើនគ្រឿង ដែលបញ្ជូនចេញមកពីចក្រភពអង់គ្លេស និងអាល្លឺម៉ង់នោះ បានចាប់ផ្តើមធ្វើដំណើរទៅដល់ប្រទេសអេស្តូនីជាបណ្តើរៗហើយ ដែលការចល័តនេះត្រូវបានរដ្ឋមន្រ្តីក្រសួងការពារអង់គ្លេសចាត់ទុកថា ជាការដាក់ពង្រាយយោធាដ៏ធំបង្អស់នៅអឺរ៉ុបប៉ែកខាងកើត ចាប់តាំងពីសម័យសង្រ្គាមត្រជាក់មក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០១៧។
ក្រសួងការពារជាតិនៃចក្រភពអង់គ្លេសបានរាយការណ៍ថា គ្រឿងយន្តយោធាអង់គ្លេសជុំដំបូងជាង ១០០គ្រឿងបានទៅដល់អេស្តូនីនាថ្ងៃពុធសប្តាហ៍នេះ បន្ទាប់ពីត្រូវបានដឹកជញ្ជូនតាមសាឡង់ចេញពីបណ្តាកំពង់ផែជាច្រើនកន្លែង នៅក្នុងប្រទេសអង់គ្លេស និងអាល្លឺម៉ង់។ សម្ភារៈទ័ពធុនធ្ងន់ទាំងនេះនឹងត្រូវចល័តបន្តពីកំពង់ផែមួយកន្លែងនៃប្រទេសអេស្តូនី ទៅកាន់មូលដ្ឋានយោធានៅក្នុងទីក្រុង Tapa។
គួរបញ្ជាក់ថាយោងតាមលោក Michael Fallon រដ្ឋមន្រ្តីក្រសួងការពារជាតិអង់គ្លេស វាគឺជាការចល័តកម្លាំងយោធាដ៏ធំបំផុតមួយ នៅក្នុងតំបន់ចាប់តាំងពីសម័យសង្រ្គាមត្រជាក់។ ព្រមពេលជាមួយគ្នាអង្គការ NATO បានលើកឡើងថា ការមកដល់នៃបរិក្ខាយោធាទាំងនេះគឺដើម្បីតែបង្កើនសន្តិសុខក្នុងតំបន់ សំដៅទប់ទល់ការគំរាមកំហែងពីប្រទេសរុស្ស៊ីប៉ុណ្ណោះ៕