(សេអ៊ូល)៖ កូរ៉េខាងជើងកំពុងទាក់ទាញអ្នកវិយោគបរទេស ឱ្យចូលរួមនៅក្នុងកម្មវិធីនាវាកម្សាន្ត តាមផ្លូវទឹកពីភាគខាងកើតនៃតំបន់រមណីយដ្ឋានភ្នំ Kumgan របស់កូរ៉េខាងជើង ឆ្លងកាត់តាម តំបន់ចុងខាងកើតបំផុតនៃប្រទេសរុស្ស៊ី រហូតដល់បណ្តាប្រទេសតំបន់អាស៊ីអាគ្នេយ៍ ខណៈគេកំពុងមើលឃើញថា ទីក្រុងព្យុងយ៉ាងហាក់ដូចជាកំពុងពង្រឹងចំណងមិត្តភាពកាន់ តែខ្លាំងជាមួយទីក្រុងមូស្គូ នៅក្នុងបរិបទដែលចិនបានចូលរួមជាមួយអង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០១៧។
យោងតាមគេហទំព័រកូរ៉េខាងជើងមួយ ដែលផ្សព្វផ្សាយពីតំបន់ Kumgang កូរ៉េខាងជើង នឹងអនុញ្ញាតឱ្យក្រុមហ៊ុនបរទេសវិនិយោគលើកម្មវិធីនាវាទេសចរណ៍ក្នុងចំនួនទឹកប្រាក់ពី ១០លាន ទៅ២០លានដុល្លារអាមេរិក សម្រាប់រយៈពេល១០ឆ្នាំបន្ទាប់។ កម្មវិធីនេះនឹងចាប់ផ្ដើមរត់ផ្លូវចំនួន០២ខ្សែ ដោយខែ្សទី០១ភ្ជាប់ពីតំបន់ភ្នំ Kumgang ទៅកាន់ទីក្រុង Vladivostok និងខ្សែទី០២ ទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ហើយមិនតែប៉ុណ្ណោះកូរ៉េខាងជើង ក៏នឹងអនុញ្ញាតឱ្យដំណើរការកាស៊ីណូ នៅលើនាវានេះផងដែរ។
គួរបញ្ជាក់ថាដំបូងឡើយមានតែក្រុមហ៊ុនកូរ៉េខាងត្បូងតែមួយគត់ ដែលមានសិទ្ធិផ្ដាច់មុខលើកម្មវិធីទេសចរណ៍ទៅកាន់តំបន់ភ្នំ Kumgang របស់កូរ៉េខាងជើង ក៏ប៉ុន្តែវាត្រូវបានលុបចោលកាលពីខែកក្កដា ឆ្នាំ២០០៨ បន្ទាប់ពីទាហានកូរ៉េខាងជើង បាញ់សម្លាប់ទេសចរណ៍កូរ៉េខាងត្បូងម្នាក់៕