(ឡុងដ៏)៖ ប៉ូលិសអង់គ្លេសបានឱ្យដឹងថា មនុស្ស០៥នាក់បានស្លាប់ និង៤០នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការវាយប្រហារ ភេរវកម្មក្នុងសង្កាត់ Westminster និងនៅបរិវេណសភា ក្នុងទីក្រុងឡុងដ៏កាលពីថ្ងៃពុធ។​ ព្រមពេលជាមួយគ្នាប៉ូលិសអង់គ្លេស ក៏បានបញ្ជាក់ដែរថា ភេរវករមិនមែនមានបំណងត្រឹមតែការសម្លាប់នោះទេ តែពួកគេចង់បង្កការភ័យខ្លាច និងបង្កចលាចល ខណៈការវាយប្រហារនេះត្រូវបានគេសន្និដ្ឋានថា មានការត្រៀមទុកជាមុនយូរមកហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០១៧។

យោងតាមប៉ូលិស​អង់គ្លេស បុរសម្នាក់បានដឹកនាំ​សកម្មភាពវាយប្រហារ​ភេរវកម្ម​តែម្នាក់ឯង ដោយដំបូង​ឡើយរូបគេបានបើក​រថយន្ដបំបុកសម្លាប់​មនុស្ស០២នាក់ និងជាច្រើននាក់​ទៀតរងរបួស នៅឯស្ពាន Westminster Bridge ស្ថិតនៅក្បែរសភា​ក្នុងទីក្រុងឡុងដ៏។ បន្ទាប់មកបុរសនេះដដែល​ បានចុះពីលើ​រថយន្ដរត់តម្រង់ទៅកាន់សភា ហើយបានចាក់សម្លាប់​ប៉ូលិសម្នាក់ មុនត្រូវបានប៉ូលិស​ដទៃបាញ់សម្លាប់ ខណៈប៉ូលិសអង់គ្លេស​មិនទាន់បានបញ្ជាក់​ពីអត្តសញ្ញាណ ភេរវកររូប​នេះនៅឡើយទេ។

គួរបញ្ជាក់ថា​នៅក្នុងចំណោមជន​រងគ្រោះទាំង០៥ខាងលើ មានប៉ូលិសម្នាក់ឈ្មោះ Keith Palmer អាយុ៤៨ឆ្នាំរួមទាំងភេរវករម្នាក់ផងដែរ ហើយការវាយប្រហារនេះកើតឡើងតែប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ ក្រោយអង់គ្លេស​ហាមឃាត់អ្នកដំណើរ​មកពី​អាកាសយានដ្ឋាន​ នៃបណ្ដាប្រទេសមជ្ឈិម​បូព៌ាមួយចំនួន នំាយកគ្រឿង​អេឡិចត្រូនិច មានទំហំធំជាងទូរស័ព្ទឡើងលើ​យន្ដហោះ៕