(ប៉ារីស)៖ អ្នកនយោបាយនិយមកណ្តាលលោក Emmanuel Macron ត្រូវបានគេព្យាករណ៍ថា នឹងស្ថិតនៅលេខរៀងកំពូលក្នុងជុំទីមូយ នៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំងនាខែក្រោយនេះ ពោលគឺនៅលើមេដឹកនាំបក្សស្តាំនិយម លោកស្រី Marine Le Pen មុននឹងបន្តផ្តួលរូបលោកស្រី ដើម្បីយកតំណែងជាប្រធានាធិបតីថ្មីនៃប្រទេសបារាំង។ នេះបើតាមការស្ទាបស្ទង់មតិមួយ ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០១៧។
លទ្ធផលនៃការស្ទង់មតិដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ លោក Macron ត្រូវគេមើលឃើញថានឹងទទួលបានសំឡេងគាំទ្រ ២៦ភាគរយ នៃការបោះឆ្នោតជុំទីមួយនៅថ្ងៃទី២៣ ខែមេសាខាងមុខនេះ ដែលតាមពីក្រោយដោយលោកស្រី Le Pen ជាមួយសំឡេងគាំទ្រ២៥ភាគរយ។ ម៉្យាងវិញទៀតយោងតាមលទ្ធផលស្ទាបស្ទង់ដដែលនេះលោក Emmanuel Macron ក៏នឹងទទួលបានតំណែងជាប្រធានាធិបតីដោយយកឈ្នះលើលោកស្រី Le Pen នៅក្នុងការបោះឆ្នោតសម្រេចចុងក្រោយនាថ្ងៃទី០៧ ខែឧសភាផងដែរជាមួយសំឡេង ៦៤ភាគរយទល់នឹង៣៥ភាគរយ។
គួរបញ្ជាក់ថាការស្ទង់មតិខាងលើត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី២១ ដល់ទី២២ ខែមីនាក្នុងចំណោមអ្នកចូលរួមសរុបចំនួន ៦,៣៨៣នាក់ ហើយភាគរយនៃសំឡេងគាំទ្ររបស់លោក Macron និងលោកស្រី Le Pen គឺមិនខុសការស្ទង់មតិមួយផ្សេងទៀតកាលពីសប្តាហ៍មុននោះឡើយ៕