(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីរតនាគារជាតិអាមេរិកលោក Steven Mnuchin បានសន្យាថាលោកនឹងដើរតួដ៏សំខាន់មួយក្នុងការរៀបចំកញ្ចប់ទណ្ឌកម្ម សម្រាប់ដាក់លើប្រទេសកូរ៉េខាងជើង ដែលការអះអាងបែបនេះធ្វើឡើងបន្ទាប់ពីទីក្រុងព្យុងយ៉ាង បានធ្វើការបាញ់សាកល្បងគ្រាប់មីស៊ីលចំនួនពីរលើកមកហើយនៅក្នុង ខែមីនានេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០១៧។
ការអះអាងខាងលើនេះ ធ្វើឡើងនៅក្នុងជំនួបរវាងលោក Mnuchin និងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក Yun Byung-se នៅថ្ងៃពុធសប្តាហ៍នេះ ដែលមានតំណាងប្រទេសចំនួន ៦៨ទៀតចូលរួមនៅក្នុងក្រសួងការបរទេសអាមេរិក ដើម្បីធ្វើការពិភាក្សាគ្នាអំពីការប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម ISIS ដែលអាមេរិកកំពុងតែប្រមែប្រមូលដៃគូនានាឲ្យជួយក្នុងប្រតិបត្តិការរបស់ខ្លួន។
ឆ្លៀតនៅក្នុងឱកាសនោះ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងដែលកំពុងមានវត្តមានក្នុងរដ្ឋធានីវ៉ាស៊ីនតោនស្រាប់បានធ្វើការលើកឡើងពីបញ្ហាកូរ៉េខាងជើង ដែលបានធ្វើតេស្តគ្រាប់មីស៊ីលបន្ថែមទៀតកាលពីថ្ងៃពុធនោះ ជាលើកទីពីរហើយនៅក្នុងខែមីនានេះ ដូច្នេះកូរ៉េខាងត្បូង ជប៉ុន និងអាមេរិកដែលជាសម្ព័ន្ធមិត្ត បានរួមគ្នាជាធ្លុងមួយ ដើម្បីត្រៀមទប់ទល់នឹងបញ្ហាអសន្តិសុខនានាបង្កឡើងដោយកូរ៉េខាងជើង។ អាមេរិកធ្លាប់បានប្តេជ្ញាថា នឹងនៅការពារកូរ៉េខាងត្បូងជានិច្ចនៅក្នុងពេលវេលាដ៏លំបាកនេះ៕