(វ៉ាស៊ីនតោន)៖ មន្រ្តីប៉ូលិសម្នាក់ និងមនុស្សបីទៀតបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍បាញ់ប្រហារដ៏អាក្រក់ជាបន្តបន្ទាប់គ្នា ដែលត្រូវគេជឿជាក់ថាបានកើតចេញពីការឈ្លោះប្រកែកគ្នានៅក្នុងធនាគារមួយកន្លែង នៅភាគខាងជើងរដ្ឋ Wisconsin សហរដ្ឋអាមេរិកនាថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅអាមេរិក)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន New York Post នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០១៧។
លោក Wally Sparks ជាប៉ូលិសនៅតំបន់កើតហេតុបានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា មន្រ្តីដែលបានបាត់បង់ជីវិតខាងលើគឺមន្រ្តីនៅក្នុងស្ថាប័នរបស់លោក ខណៈជនសង្ស័យដែលជាប់ពាក់ព័ន្ធនៅក្នុងករណីនេះ កំពុងស្ថិតក្រោមការឃុំខ្លួន។ យោងតាមលោក Sparks ការបាញ់ប្រហារបានកើតឡើងនៅទីតាំងចំនួនបីកន្លែងរួមមានធនាគារ, ក្រុមហ៊ុនច្បាប់, និងផ្ទះល្វែងនៅភាគខាងជើងរដ្ឋ។
គួរបញ្ជាក់ថាអាជ្ញាធររដ្ឋ Wisconsin មិនបានទទួលឆ្លើយសំណួរនៅក្នុងសន្និសីទខាងលើនោះឡើយ ប៉ុន្តែបានធានាអះអាងថា នឹងពុំមានបញ្ហាអ្វីដែលជាការគំរាមកំហែងដល់សាធារណជនទៀតនោះឡើយ៕