(វ៉ាស៊ីនតោន)៖ កូរ៉េខាងជើងអាចជាអ្នកនៅពីក្រោយការចូលលួចលុយជាង ៨១លានដុល្លារ ពីគណនីធនាគារកណ្ដាលបង់ក្លាដែស នៅឯធនាគារកណា្ដលអាមេរិក Fed ក្នុងទីក្រុងញូយ៉ក។ នេះបើតាមក្រុមអ្នកស៊ើបអង្កេតអាមេរិក ដកស្រង់ដោយសារព័ត៌មាន Wall Street Journal នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០១៧។
ផ្អែកលើប្រភពស្និទ្ធនឹងក្រុមអ្នកស៊ើបអង្កេត Wall Street Journal ឱ្យដឹងថាក្រសួងយុត្តិធម៌អាមេរិក ក៏កំពុងត្រៀមខ្លួនចោទប្រកាន់លើចិនផងដែរថា ជាអ្នកសម្របសម្រួលជួយដល់កូរ៉េខាងជើងលួចលុយដ៏ច្រើនសន្ធឹកសន្ធាប់នេះ តាមរយៈការវាយប្រហារព័ត៌មានវិទ្យា ឬ Hack កាលពីខែកុម្ភៈ ឆ្នាំ២០១៦។ លើសពីនេះ តាមរយៈការប្រើប្រាស់ប្រព័ន្ធផ្ទេរប្រាក់អន្តរជាតិ SWIFT ក្រុម Hackers បានចូលលួច និងផ្ទេរលុយជាង ៨១លានដុល្លាររបស់គណនីធនាគារកណ្ដាលបង់ក្លាដែស នៅឯធនាគារកណ្ដាលអាមេរិក (Fed) សាខាទីក្រុងញូយ៉ក ហើយមិនតែប៉ុណ្ណោះពួកគេក៏មានបំណងបង្វិលប្រាក់ ៨៥០លានដុល្លារ បន្ថែមទៀត ក៏ប៉ុន្តែត្រូវបាន Fed រារាំង។ ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងយុត្តិធម៌អាមេរិក មិនទាន់ធ្វើអត្ថាធិប្បាយអ្វីនោះឡើយជុំវិញបញ្ហានេះ។
គួរបញ្ជាក់ថាបើតាម Wall Street Journal លុយ ៨១លានដុល្លារខាងលើ ត្រូវបានគេផ្ទេរទៅកាន់គណនីមួយនៅហ្វីលីពីន និងបន្ទាប់មកលុយទាំងនេះបាន បាត់ដោយការលាងលុយនៅតាមកាស៊ីណូជាច្រើន៕