(ពិភពលោក)៖ ភ្នាក់ងារប៉ូលីសសម្ងាត់អន្តរជាតិធំៗសុទ្ធតែអះអាងថា បុព្វជិត Fethullah Gulen មិនមែនជាអ្នកនៅពីក្រោយរដ្ឋប្រហារនៅប្រទេសតួកគី កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ដូចដែលលោកប្រធានាធិបតី Tayyip Erdogan និងរដ្ឋាភិបាលរបស់លោកបានធ្វើការចោទប្រកាន់ទៅលើ អ្នកប្រាជ្ញខាងសាសនាដែលកំពុងរស់នៅនិរទេសក្នុងសហរដ្ឋអាមេរិករូបនេះ ដែលបានបង្កឲ្យមនុស្សស្លាប់ ២៤០នាក់នោះឡើយ។
យ៉ាងណាមិញទន្ទឹមនឹងការចោទប្រកាន់នេះលោក Fethullah Gulen ដែលជាអ្នកត្រូវបានលោកប្រធានាធិបតី និងរដ្ឋាភិបាលតួកគីចោទប្រកាន់បានធ្វើការចេញមុខបដិសេធ បានផ្ញើសារទៅកាន់លោកប្រធានាធិបតី និងរដ្ឋាភិបាលតួកគីថា «ប្រសិនណាបើភ្នាក់ងារស៊ើបអង្កេតទាំងអស់រកឃើញភស្តុតាងដែលថា រូបលោកជាប់ទាក់ទងនឹងរដ្ឋប្រហារមួយនេះ នោះលោកនឹងប្រគល់ខ្លួនទៅឲ្យរដ្ឋាភិបាលធ្វើការកាត់ទោសតាមផ្លូវច្បាប់ភ្លាម ស្របពេលដែលលោក Erdogan ដែលជាអ្នកដឹកនាំប្រទេសតួកគីបានធ្វើការស្នើសុំទៅកាន់សហរដ្ឋអាមេរិក ឲ្យប្រគល់ខ្លួនរបស់លោក Gulen ជាបន្ទាន់ជាច្រើនលើកមកហើយ»។
បន្ទាប់ពីមានការចោទប្រកាន់ទៅលើលោក Fethullah Gulen រួចមក លោកប្រធានាធិបតីរបស់ប្រទេសតួកគីបានធ្វើការកម្ចាត់ចោលនូវមនុស្សចំនួនជាង ១៣,៥០០នាក់មកពីជួរកងកម្លាំងទាហាន តុលាការ និងមន្រ្តីរបស់រដ្ឋជាច្រើនដែលមានទំនោរចូលចិត្តចលនារបស់លោក Gulen ត្រូវបានបញ្ឈប់ពីការងារភ្លាមៗ មួយថ្ងៃបន្ទាប់ពីមានរដ្ឋប្រហារ។ ចាប់តាំងពីពេលនោះមកការស៊ើបអង្កេតអំពីឬសគល់ នៃការធ្វើរដ្ឋប្រហារនោះក៏បានកើតឡើងជាបន្តបន្ទាប់ ក៏ប៉ុន្តែអ្វីដែលធ្វើឲ្យមនុស្សទូទាំងសកលលោកមានការចាប់អារម្មណ៍នោះ គឺត្រឹមជាអ្នកប្រាជ្ញខាងសាសនាមួយរូបតើលោក Fethullah Gulen អាចមានសមត្ថភាពធ្វើរដ្ឋប្រហារយ៉ាងដូចម្តេច?
ឆ្លងតាមរយៈការស៊ើបអង្កេតនានា ទាំងភ្នាក់ងារស៊ើបអង្កេតរបស់រដ្ឋាភិបាលតួកគី និងភ្នាក់ងារស៊ើបអង្កេតសម្ងាត់របស់អន្តរជាតិធំៗដែលមានដូចជា គណៈកម្មការភ្នាក់ងារស៊ើបអង្កេតសម្ងាត់របស់សហរដ្ឋអាមេរិក ( US Congress House Intelligence Committee), ភ្នាក់ងារស៊ើបអង្កេតសម្ងាត់របស់ប្រទេសអាល្លឺម៉ង់ (BND) និងរបាយការណ៍របស់អង្គការ NATO សុទ្ធតែរកមិនឃើញពីភស្តុតាងណាមួយដែលអាចចោទប្រកាន់ថា អ្នកប្រាជ្ញខាងសាសនា Fethullah Gulen ជាប់ពាក់ព័ន្ធនឹងរដ្ឋប្រហារក្នុងប្រទេសតួកគីបានឡើយ។
ទោះបីជាមិនអាចរកឃើញភស្តុតាងឲ្យបានច្បាស់ក្នុងការចាប់ខ្លួនលោក Fethullah Gulen យ៉ាងណាក្តី ក៏រដ្ឋាភិបាលប្រទេសតួកគីដែលដឹកនាំដោយ លោកប្រធានាធិបតី Tayyip Erdogan នៅតែព្យាយាមដាក់សំណើទៅកាន់សហរដ្ឋអាមេរិក ឲ្យប្រគល់ខ្លួនអ្នកប្រាជ្ញរូបនេះដដែល។ នេះបើយោងតាមសម្តីរបស់លោក Bruno Kahl ប្រធានភ្នាក់ងារស៊ើបអង្កេតសម្ងាត់ BND ដែលបាននិយាយនៅក្នុងការសម្ភាសន៍ជាមួយទស្សនាវដ្តី Der Spiegel ដែលបានចុះផ្សាយកាលពីថ្ងៃសោរ៍ ទី១៨ ខែមីនា ឆ្នាំ២០១៧។ លោក Kahl បានបន្តថាក្រុមភ្នាក់ងារសម្ងាត់របស់យើង បានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពហើយ ក្នុងការស្វែងរកភស្តុតាងដើម្បីចាប់ខ្លួនលោក Gulen ក៏ប៉ុន្តែពួកយើងរកមិនឃើញថា គាត់បានជាប់ទាក់ទងជាមួយរដ្ឋប្រហារមួយនេះទាល់តែសោះ។
គួរបញ្ជាក់ថារដ្ឋាភិបាលរបស់ប្រទេសតួកគី នៅតែបន្តស្វែងរកភស្តុតាងដើម្បីជាសំអាងក្នុងការចោទប្រកាន់ទៅលើលោក Fethullah Gulen ដដែល ចំណែកឯមនុស្សចំនួន ១៣,៥០០នាក់ ដែលភាគច្រើនជាមន្រ្តីរដ្ឋនៅតែត្រូវបានបញ្ឈប់ពីការងារ និងចោទប្រកាន់យ៉ាងអយុត្តិធម៌ ស្របពេលដែលទីភ្នាក់ងារសម្ងាត់ធំៗជាច្រើនបានធ្វើការអះអាងថា លោក Fethullah Gulen មិនមែនជាអ្នកនៅពីក្រោយខ្នងនៃរដ្ឋប្រហារមួយនេះ៕