(សេអ៊ូល)៖ បុរសកូរ៉េខាងជើងម្នាក់ស្ថិតនៅក្នុងចំណោមជនសង្ស័យ ទាក់ទិននឹងករណីឃាតកម្មលើលោក គីម ជុងណាំ នៅឯអាកាសយានដ្ឋានទីក្រុងគូឡាឡាំពួ កាលថ្ងៃទី១៣ ខែកុម្ភៈកន្លងទៅ ឈ្មោះ Ri Ji-hyon គឺជាកូនប្រុសរបស់អតីតអគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំប្រទេសវៀតណាម លោក Ri Hong ។ នេះបើតាមប៉ូលិសម៉ាឡេស៊ី និងប្រភពការទូតជាច្រើនដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅរសៀលថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០១៧។
លោក Ri Hong ធ្លាប់កាន់តំណែងជាអគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំទីក្រុងហាណូយ ពីខែធ្នូ ឆ្នាំ១៩៨៨ ដល់ខែមេសា ឆ្នាំ១៩៩៣ និងពីខែកញ្ញា ឆ្នាំ១៩៩៨ ដល់ខែធ្នូ ឆ្នាំ២០០២។ ដោយឡែកបើនិយាយពីកូនប្រុសលោកឈ្មោះ Ri Ji-hyon ធ្លាប់បានរស់នៅក្នុងប្រទេសវៀតណាមរយៈពេល ១០ឆ្នាំ និងបានធ្វើការ នៅស្ថានទូតកូរ៉េខាងជើងក្នុងទីក្រុងហាណូយ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០០៩ សម្រាប់រយៈពេលមួយឆ្នាំបីខែ ក្នុងនាមជាមន្រី្តទូតហាត់ការ។
លោក Ri Ji-hyon និង លោក Ri Jae-nam មកពីក្រសួងការសន្តិសុខជាតិកូរ៉េខាងជើង ត្រូវបានគេសង្ស័យថា មានពាក់ព័ន្ធនឹងករណីមនុស្សឃាតលើលោក គីម ជុងណាំ បងប្រុសម្ដាយទីទៃរបស់លោក គីម ជុងអ៊ុន។ ជាងនេះទៅទៀត លោក Ri Ji-hyon ត្រូវគេជឿជាក់ថាបានផ្ដល់លុយកាក់ដល់ស្រ្តីជនជាតិវៀតណាមម្នាក់ ឈ្មោះ Doan Thi Huong ដែលត្រូវបានប៉ូលិសម៉ាឡេស៊ីចាប់ខ្លួនជាមួយស្ត្រីឥណ្ឌូណេស៊ី នាង Siti Aisyah។
គួរបញ្ជាក់ថាបើតាមប្រភពជាច្រើន លោក Ri Ji-hyon និងលោក Ri Jae-nam រួមទាំងមន្ត្រីទូតកូរ៉េខាងជើងម្នាក់ទៀត ប្រចាំប្រទេសឥណ្ឌូណេស៊ី ឈ្មោះ O Jong-gil ក៏ជាប់សង្ស័យផងដែរថាបានបញ្ចុះបញ្ចូល និងបណ្ដុះបណ្ដាលនាង Doan Thi Huong និងនាង Siti Aisyah នៅលើទឹកដីកម្ពុជាមុននឹងធ្វើសកម្មភាពសម្លាប់លោក គីម ជុងណាំ នៅទីក្រុងគូឡាឡាំពួ៕