(ហាណូយ)៖ តុលាការខេត្ត Hoa Binh ភាគខាងត្បូងនៃប្រទេសវៀតណាម បានសម្រេចកាត់ទោសប្រហារជីវិតមនុស្ស ០៩នាក់ ក្នុងចំណោមបក្សពួកទាំងអស់សរុប ២៣នាក់ ពីបទលួចជួញដូរគ្រឿងញៀន, ការផ្ទុកអាវុធយោធាខុសច្បាប់, និងការលាក់បាំងបទល្មើសផ្សេងៗទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០១៧។
នៅក្នុងសំណុំរឿងដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៧ ខែកុម្ភៈ និងទើបតែត្រូវបានបិទបញ្ចប់នៅថ្ងៃអង្គារម្សិលមិញនេះ ជនត្រូវចោទចំនួន២៣នាក់ត្រូវតុលាការរកឃើញថា ពិតជាមានទោសពីបទរត់ពន្ធគ្រឿងញៀនប្រភេទហេរ៉ូអ៊ីនចំនួន ១,៤១៥កញ្ចប់ ដែលមានទម្ងន់ជិតស្មើកន្លះតោនកាលពីអំឡុងឆ្នាំ២០១២ និងឆ្នាំ២០១៥។
ខណៈគ្នីគ្នាចំនួន០៩នាក់របស់ពួកគេត្រូវកាត់ទោសប្រហារជីវិតបក្សពួកចំនួន ០៩នាក់ផ្សេងបានទទួលការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ហើយបួននាក់ទៀតត្រូវជាប់គុកពីចន្លោះ ១៧ឆ្នាំទៅ ២០ឆ្នាំ រីឯស្រ្តីម្នាក់ចុងក្រោយត្រូវទទួលទោសជាប់ពន្ធនាគារចំនួន ១៨ខែ ឬស្មើនឹងបីឆ្នាំដោយសារតែដឹងលឺពីបទល្មើសនេះហើយ មិនព្រមរាយការណ៍ដល់សមត្ថកិច្ច។ លើសពីនេះជនជាប់ចោទទាំងអស់នេះក៏បានរងការចោទប្រកាន់ពីបទមានផ្ទុកអាវុធជាតិផ្ទុះខុសច្បាប់ និងផ្តល់ទីកន្លែងជ្រកកោនដល់ឧក្រិដ្ឋជនថែមទៀតផង។
គួរបញ្ជាក់ថាយោងតាមច្បាប់នៅក្នុងប្រទេសវៀតណាម ជនទាំងឡាយណាដែលត្រូវបានរកឃើញថា មានផ្ទុកនិងរត់ពន្ធសារធាតុញៀនប្រភេទហេរ៉ូអ៊ីនលើសពី ៦០០ក្រាម ឬមួយក៏សារធាតុមេតាំហ្វេតាមីនលើសពី ២.៥គីឡូក្រាម នឹងប្រឈមមុខទោសប្រហារជីវិត។ ម៉្យាងវិញទៀតការផលិតក៏ដូចជាការលក់សារធាតុហេរ៉ូអ៊ីនទម្ងន់ត្រឹម ១០០ក្រាម ឬសារធាតុនីកូទីនខុសច្បាប់ផ្សេងៗទៀតទម្ងន់ ៣០០ក្រាមឡើងទៅក៏នឹងទទួលទោសប្រហារជីវិតផងដែរ៕