(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងទៅចូលរួមកិច្ចប្រជុំនៃមេដឹកនាំរបស់អង្គការណាតូ (NATO) នៅថ្ងៃទី២៥ ខែឧសភា ក្នុងទីក្រុង ព្រុចសែល ដែលនេះអាចនឹងធ្វើឱ្យបណ្ដាប្រទេស ជាសមាជិកណាតូធូរចិត្តឡើងវិញ បន្ទាប់ពីលេចលឺព័ត៌មានថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន នឹងមិនទៅចូលរួមកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីការបរទេសណាតូ នៅខែមេសាខាងមុខនេះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០១៧។
ដំណើរទស្សនកិច្ចរបស់លោក ត្រាំ ជាឱកាសមួយសម្រាប់លោក ដើម្បីបង្ហាញថា តើហេតុអ្វីបានជាសមាជិកណាតូទំាងអស់ ចាំបាច់ត្រូវតែបង្កើនកញ្ចប់ថវិកាការពារជាតិ។ ក៏ប៉ុន្តែត្រង់ចំណុចនេះឯងវាក៏បានធ្វើឱ្យសម្ព័ន្ធមិត្តណាតូ មានការព្រួយបារម្ភមិនតិចនោះដែរ ជាពិសេសនោះ គឺការបង្កើតសម្ព័ន្ធភាពរវាងលោក ត្រាំ និងរុស្ស៊ីដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុម ISIS តែម្ដង ត្បិតពួកគេយល់ថាទីក្រុងវ៉ាស៊ីនតោន អាចនឹងដកទណ្ឌកម្មសេដ្ឋកិច្ចពីទីក្រុងម៉ូស្គូ នៅក្នុងបរិបទដែលអឺរ៉ុប កំពុងព្រួតដៃគ្នាខ្ទប់ដង្ហើមសេដ្ឋកិច្ចរុស្ស៊ី សម្រាប់ការលូកដៃចូលក្នុងជម្លោះនៅតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន និងតំបន់គ្រីមៀ។
ទោះបីជាយ៉ាងណា នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន សេតវិមានបានបញ្ជាក់ថា «លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងទៅចូលរួមកិច្ចប្រជុំណាតូ ដើម្បីអះអាងពីការប្ដេជ្ញាចិត្តយ៉ាងពេញទំហឹងរបស់ពួកយើង ចំពោះណាតូ និងពិភាក្សាលើបញ្ហាសំខាន់ៗជាច្រើន ក្នុងនោះរួមមានទំាង ការទទួលខុសត្រូវ និងការចែករំលែក ក៏ដូចជាតួនាទីរបស់ណាតូ ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ»។
យោងតាមសេចក្ដីថ្លែងការណ៍ដដែល លោក ដូណាល់ ត្រាំ នឹងត្រូវទទួលស្វាគមន៍អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg នៅឯសេត វិមាននៅថ្ងៃទី១២ ខែមេសា ដើម្បីពិភាក្សាគ្នាថាតើគួរពង្រឹងសម្ប័ន្ធភាពយ៉ាងដូចម្ដេច ប្រឈមមុខនឹងបញ្ហាសន្តិសុខជាតិ និងអន្តរជាតិ៕