(បាលី)៖ គ្រោះរញ្ជួយដីកម្រិត ៥.៥រ៉ិចទ័រ ដែលបានវាយប្រហារកោះទេសចរណ៍បាលីរបស់ឥណ្ឌូណេស៊ីនោះវាអាចនឹងមិនមែនជាបញ្ហាធំឡើយ សម្រាប់អ្នករស់នៅលើកោះនេះស្រាប់ ប៉ុន្តែសម្រាប់ភ្ញៀវទេសចរដែលកំពុងតែគេងលង់លក់នៅឡើយក្នុងសណ្ឋាគារ និងផ្ទះសំណាក់បានជួបរឿងភ័យស្លន់ស្លោដោយសារតែភាពញ័ររញ្ជួយនៃបន្ទប់ដែលពួកគេស្នាក់នៅ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នាព្រឹកថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០១៧។
គ្រោះរញ្ជួយដីខាងលើនេះបានវាយប្រហារទៅលើតំបន់មួយដែលមានចម្ងាយ ១០គីឡូម៉ែត្រភាគឦសាននៃទីក្រុង Denpasar របស់កោះបាលី ដែលវាស្ថិតនៅមិនឆ្ងាយប៉ុន្មាននោះឡើយ ពីតំបន់ទេសចរណ៍នៃកោះភាគខាងត្បូងដ៏ពេញនិយមបំផុតនៃចង្កោមកោះបាលី។
គួរបញ្ជាក់ថាគ្រោះរញ្ជួយដីកម្រិតបង្គួរខាងលើនេះ មិនទាន់ត្រូវបានគេបញ្ជាក់ថាបានបង្កគ្រោះមហន្តរាយ ឬក៏មនុស្សណាម្នាក់រងគ្រោះថ្នាក់នោះឡើយ បន្ទាប់ពីការវាយប្រហាររបស់វាកាលពីវេលាម៉ោង ៧៖០០នាទីព្រឹកថ្ងៃពុធនេះ (ម៉ោងក្នុងទីក្រុងហ្សាការតា)៕