(បាងកក)៖ ថៃ និងហ្វីលីពីនបានសន្យានៅថ្ងៃអង្គារសប្ដាហ៍នេះថា នឹងបង្កើនក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការយោធា រវាងប្រទេសទាំងពីរដើម្បីដោះស្រាយបញ្ហាសន្តិសុខ រួមមានទាំងភេរវកម្ម និងការជួញដូរគ្រឿងញៀនខុសច្បាប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០១៧។
ការសន្យានេះធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា បន្ទាប់ពីជំនួបរវាងនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា និងប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេ នៅក្នុងទីក្រុងបាងកក។ «ពួកយើងបានសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការធ្វើកិច្ចសហការរួមគ្នា ដើម្បីការពារសន្តិសុខ និងរក្សាស្ថេរភាព តាមរយៈការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជាដើម»។ នេះបើតាម សម្តីបុរសខ្លាំងហ្វីលីពីនលោក ឌូតឺតេ។
ជាងនេះទៅទៀតនៅក្នុងជំនួបនោះដែរ មេដឹកនាំទំាងពីរក៏បានបង្ហាញការជឿជាក់ដែរថា សមុទ្រចិនខាងត្បូង នឹងក្លាយជាសមុទ្រសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់ធនធាន និងប្រជាជននៅក្នុងតំបន់ ហើយក្រៅតែពីបញ្ហាសន្តិសុខ លោក ប្រាយុទ្ធ និងលោក ឌូតឺតេ បានចូលរួមធ្វើជាសាក្សីលើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពី ទេសចរណ៍ កសិកម្ម វិទ្យាសាស្ត្រ និងសេដ្ឋកិច្ច៕
គួរបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងរបស់ លោក រ៉ូទ្រីហ្គោ ឌូតើតេ មកកាន់ប្រទេសថៃ ខណៈទំាងថៃ និងហ្វីលពីន ហាក់ដូចជាកំពុងបោះ ដដៃទៅរកចិន ក្រោយមានទំនាក់ទំនងមិនសូវល្អជាមួយសហរដ្ឋអាមេរិក។ មុនធ្វើដំណើរទស្សនកិច្ចមកកាន់ទីក្រុងបាងកក លោក ឌូតើតេ ក៏បានបំពេញទស្សន កិច្ចនៅមីយ៉ាន់ម៉ាផងដែរ៕