(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលាក្នុងរដ្ឋធានីវ៉ាស៊ីនតោន) បានចុះហត្ថលេខាលើសេចក្តីព្រាងមួយ ដែលកំណត់គោលដៅសម្រាប់ទីភ្នាក់ងារអវកាស NASA នៃប្រទេសមហាអំណាចពិភពលោកមួយនេះ ធ្វើយ៉ាងណាបញ្ជូនក្រុមអវកាសយានិកទៅកាន់ភពអង្គារ ឲ្យបាននៅក្នុងឆ្នាំ២០៣៣។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០១៧។
យោងតាមសេចក្តីរាយការណ៍របស់ក្រុមអ្នកកាសែតប្រចាំនៅសេតវិមាន លោក ដូណាល់ ត្រាំ បានថ្លែងថា «សេចក្តីព្រាងនេះបានធានា និងបញ្ជាក់កាន់តែច្បាស់អំពីការប្តេជ្ញាដ៏មុតមាំនៃជាតិយើង ចំពោះបេសកកម្មស្នូលដ៏សំខាន់របស់អង្គការ NASA។ វាគាំទ្រដល់បេសកកម្មរុករកទីអវកាសរបស់ NASA រួមមានការអភិវឌ្ឍគ្រាប់រ៉ុក្កែត និងបេសកកម្ម Orion ជាដើម... វាធ្វើឲ្យវិស័យវិទ្យាសាស្រ្តទីអវកាសតាមរយៈការរក្សាតុល្យភាពនៃបេសកកម្ម និងសកម្មភាពមួយចំនួនក្នុងការរុករក ព្រមទាំងស្រាវជ្រាវប្រព័ន្ធព្រះអាទិត្យក៏ដូចជាចក្រវាឡទាំងមូល»។
នៅក្រោមសេចក្តីព្រាងខាងលើនេះ ទីភ្នាក់ងារអវកាស NASA ត្រូវបានបង្គាប់ឲ្យធើ្វការអភិវឌ្ឍបន្ថែមកាន់ខ្លាំងទៀតទៅលើការស្រាវជ្រាវក្នុងទីអវកាសដោយប្រើប្រាស់មនុស្ស រួមមានទាំងការតាំងទីលំនោះរបស់មនុស្សលោកយើងនៅលើភពដទៃទៀត និងការបង្កើនសេដ្ឋកិច្ចតាមរយៈវិស័យលំហអាកាសនៅក្នុងសតវត្សរ៍ទី២១នេះ។ ម៉្យាងវិញទៀតវាក៏តម្រូវឲ្យ NASA អភិវឌ្ឍន៍គំរោងគោលដៅវែងឆ្ងាយមួយស្តីពីការបញ្ជូនក្រុមអវកាសយានិកទៅក្បែរ ឬទៅជាន់ផ្ទៃរបស់ភពអង្គារនៅអំឡុងឆ្នាំ២០៣០ ទៅ២០៣៩ផងដែរ ហើយវាបានទាមទារឲ្យទីភ្នាក់ងារអវកាសនេះ ឲ្យធ្វើយ៉ាងណាចេញបេសកកម្មនេះឲ្យបាននៅក្នុងឆ្នាំ២០៣៣។
គួរបញ្ជាក់ថាសេចក្តីព្រាងដែលមានឈ្មោះថា NASA Transition Authorization Act នឹងផ្តល់កញ្ចប់ថវិកាចំនួន១៩.៥ពាន់លានដុល្លារសម្រាប់ការចំណាយរបស់អង្គការ NASA នៅក្នុងឆ្នាំ២០១៧៕