(ហ្សឺណែវ)៖ កូរ៉េខាងជើងមិនភ័យខ្លាចទាល់តែសោះ ចំពោះការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក ដែលចង់កាត់ផ្ដាច់ប្រព័ន្ធហិរញ្ញវត្ថុសកលនៃរបបដឹកនាំទីក្រុងព្យុងយ៉ាង ហើយថានឹងបន្តអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងអន្តរទ្វីប ICBM រហូតដល់ទីបំផុត។ នេះបើតាមអគ្គរដ្ឋទូតរងកូរ៉េខាងជើង ប្រចាំអង្គការសហប្រជាជាតិ លោក Choe Myong Nam ចុះផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០១៧។
ប្រតិកម្មរបស់លោក Choe Myong Nam កើតឡើងបន្ទាប់ពីក្រុមមន្ត្រីជាន់ខ្ពស់អាមេរិក បាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ មាន បំណងដាក់ទណ្ឌកម្មបន្ថែមប្រឆាំងនឹងការគំរាមកំហែងពីមីស៊ីល និងអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង។ លោក Choe Myong Nam នៅក្នុងបទសម្ភាសន៍ជាមួយ Reuters បានលើកឡើងដូច្នេះថា «ខ្ញុំគិតថារឿងទាំងអស់គឺកើតចេញពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកទៅកាន់ជប៉ុន កូរ៉េខាងត្បូង និងចិន ... ជាការពិតយើងមិនបានខ្លាចបន្តិចណាទាល់តែសោះ រឿងអាមេរិកចង់ប្រើកម្លំាងយោធា ឬក៏ដាក់ទណ្ឌកម្មសេដ្ឋកិច្ច ត្បិតកូរ៉េខាងជើងបានជាប់ទណ្ឌកម្មអស់រយៈពេលកន្លះសតវត្សរ៍មកហើយ តែនៅតែអាចដង្ហើមបាន។ ទោះបីជាយ៉ាងណាយើងចង់ប្រាប់ថា ការដាក់ទណ្ឌកម្ម របៀបនេះគឺជារឿងឃោឃៅ និងអមនុស្សធម៌បំផុត ហើយម្យ៉ាងវិញទៀតខ្ញុំអាចប្រាប់អ្នកបានថា ICBM នឹងត្រូវបាញ់ចេញគ្រប់ពេលវេលាគ្រប់ទីកន្លែង ឱ្យតែមានបញ្ជាពីមេដឹកនាំកំពូលរបស់យើង (លោក គីម ជុងអ៊ុន)។
គួរបញ្ជាក់ថាពាក់ព័ន្ធនឹងការបង្ហាញពីចេតនា ចង់ប្រើប្រាស់កម្លំាងយោធាលើកូរ៉េខាងជើង ដោយលោក ធីល្លឺសុន លោក Choe បានបញ្ជាក់ថា កូរ៉េខាងជើងបានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយកសង្រ្គាមជាមួយសហរដ្ឋអាមេរិក ខណៈទីក្រុងព្យុងយ៉ាង ក៏បានព្រមានដែរថា នឹងកម្ទេចទីក្រុងវ៉ាស៊ីនតោនឱ្យក្លាយទៅជាផេះ៕