(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន នឹងមិនទៅចូលរូមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃអង្គការណាតូ (NATO) ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៦ ខែមេសាខាងមុខនេះឡើយ ប៉ុន្តែលោកនឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ក្នុងខែដដែលនេះផងដែរ។ នេះបើតាមការបញ្ជាក់អះអាងជាផ្លូវការរបស់ក្រសួងការបរទេសអាមេរិក ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន ABC News នៅល្ងាចថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០១៧។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបានឲ្យដឹងថា អនុរដ្ឋមន្រ្តីស្តីទីលោក Tom Shannon នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំអង្គការ NATO ខាងលើដើម្បីជំនួសមុខឲ្យលោក រិច ធីល្លឺសុន វិញ។ ក្រៅពីនេះក្រសួងការបរទេសអាមេរិកបានបញ្ជាក់ទៀតលោក ធីល្លឺសុន នឹងត្រូវជួបជាមួយមន្រ្តីមួយចំនួនរបស់អង្គការ NATO នៅក្នុងកិច្ចប្រជុំមួយផងដែរនៃសហព័ន្ធបង្រ្កាបក្រុម ISIS នាថ្ងៃពុធសប្តាហ៍នេះ (ពេលវេលាក្នុងរដ្ឋធានីវ៉ាស៊ីនតោន)។
គួរបញ្ជាក់ថានៅប៉ុន្មានម៉ោងកន្លងទៅនេះមានសេចក្តីរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន មានគំរោងលើកថ្ងៃប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃអង្គការណាតូ (NATO) ដើម្បីត្រៀមទទួលស្វាគមន៍ការបំពេញទស្សនកិច្ចមកកាន់សហរដ្ឋអាមេរិក របស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ខណៈលោក ធីល្លឺសុន ត្រូវគេរំពឹងថានឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីក្នុងខែដដែល ដែលនេះអាចជាក្ដីកង្វល់មួយសម្រាប់បណ្ដាប្រទេសជាសមាជិកណាតូដទៃៗទៀត៕