(ស៊ីរី)៖ ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់ អាស្សាដ ហាក់ដូចជាមិនបានអើពើឡើយចំពោះការគំរាមកម្ទេចប្រព័ន្ធការពារដែនអាកាសស៊ីរី ដោយលោកថែម ទំាងអះអាងទៀតថា ការការពារព្រំដែនជាតិគឺជាកាតព្វកិច្ចរបស់អាជ្ញាធរស៊ីរី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០១៧។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលកាលពីប៉ុន្មានថ្ងៃមុននេះ បានព្រមានទីក្រុងដាម៉ាស់ចំៗថា កងទ័ពអាកាសអ៊ីស្រាអែល នឹងកម្ទេចប្រព័ន្ធការពារដែនអាកាសស៊ីរី នៅក្នុងករណីដែលមានការវាយប្រហារសាជាថ្មី ប្រឆាំងនឹងយន្ដហោះចម្បាំងអ៊ីស្រាអែលកំពុងប្រតិបត្តិការនៅស៊ីរី។ ទោះបីជាបែបនេះក្តី ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានរុស្ស៊ី លោក អាស្សាដ បានគូសបញ្ជាក់ដូច្នេះថា «ការការពារព្រំដែនរបស់យើង គឺជាសិទ្ធិនិងកាតព្វកិច្ចរបស់យើង ហើយបើសិនជាយើងមិនបានធ្វើវាទេ នោះប្រជាជនស៊ីរីនឹងថ្កោលទោសពួកយើង [...] យើងមិនត្រូវសួរសំណួរថា គួរឬមិនគួរការពារព្រំដែននោះឡើយ ឬក៏ទៅគិតខ្វាយខ្វល់ចំពោះសេចក្ដីថ្លែងការណ៍របស់ពួកគេដែរ (អ៊ីស្រាអែល) ព្រោះថានយោបាយយើង មិនមែនអាស្រ័យលើសេចក្ដីថ្លែងការណ៍របស់ពួកគេនោះទេ។ វាគឺជាសិទ្ធិ និងកាតព្វកិច្ចរបស់ពួកយើង»។
គួររំលឹកថាកាលពីថ្ងៃសុក្រសប្ដាហ៍មុន យន្ដហោះចម្បាំងអ៊ីស្រាអែល បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសនៅស៊ីរី ប្រឆាំងនឹងការដឹកជញ្ជូនអាវុធឱ្យក្រុមឧទ្ទាមហេសប៊ូឡា ហើយជាការឆ្លើយតប កងទ័ពស៊ីរីបានបាញ់ទម្លាក់យន្ដហោះចម្បាំងអ៊ីស្រាអែលពីរគ្រឿង ក៏ប៉ុន្តែអ៊ីស្រាអែលបានបដិសេធថាមិនមែនជាការពិត៕